យានជំនិះហោះរបស់ Airlios មាន 4 ជម្រើស និងមានតម្លៃចាប់ពី 2 ពាន់លានដុង ដែលប្រហែលនឹង 8 ម៉ឺនដុល្លារអាម៉េរិក។
កាលពីថ្ងៃទី 26 តុលា Airlios បានតាំងបង្ហាញម៉ូតូហោះឯកជនដំបូងគេនៅតំបន់ អាស៊ីអាគ្នេយ៍ នៅក្នុងពិព័រណ៍ Vietnam Motor Show 2022។ Airlios គឺជា startup មួយរបស់ វៀតណាម ដែលមានទីស្នាក់ការកណ្ដាលនៅ រដ្ឋធានីហាណូយ ប្រទេសវៀតណាម។
ក្រុមហ៊ុនធុរកិច្ចថ្មី Airlios ដាក់លក់យានជំនិះហោះរបស់ខ្លួនដែលរួមមាន 4 ជម្រើសគឺ Air One, Pegasus, Minotaur និង Custom និងមានតម្លៃជាបន្តបន្ទាប់គឺ 2 ពាន់លានដុង, 2.2 ពាន់លានដុង, 2.46 ពាន់លានដុង និង 2.46 ពាន់លានដុង។ ទាំងអស់សុទ្ធតែត្រូវបានផលិតនៅ វៀតណាម។
យានជំនិះហោះដែលដាក់តាំងបង្ហាញនេះគឺជាម៉ូដែលរបស់ Pegasus ដែលបានហោះហើរសាកល្បងជាង 100 ម៉ោង និងហោះបានរយៈចម្ងាយ 1,000 គីឡូម៉ែត្រ។
យោងតាមក្រុមហ៊ុន Airlios ផលិតផលនេះនឹងត្រូវបានដាក់លក់ក្នុងទីផ្សារចាប់ពីឆ្នាំ 2027 ក្រោមរូបភាពលក់ដាច់ ឬផ្ដល់ជាសេវាកម្មដឹកជញ្ជូន។
យានជំនិះហោះ Pegasus របស់ Airlios មានបណ្ដោយ 1.9 ម៉ែត្រ កម្ពស់ 1.15 ម៉ែត្រ និងស្លាបប្រវែង 2 ម៉ែត្រ។ ទម្ងន់របស់វាគឺ 220 គីឡូក្រាម ចំណែកទម្ងន់អតិបរមាសម្រាប់ការហោះហើរគឺ 320 គីឡូក្រាម មានន័យថា វាអាចផ្ទុកទម្ងន់បាន 100 គីឡូក្រាម។
Pegasus មានកៅអីតែមួយគត់ ប៉ុន្តែវាអាចត្រូវបានបញ្ជាតាមពីររបៀបគឺ បញ្ជាដោយផ្ទាល់ និងដាក់ឱ្យដំណើរការស្វ័យប្រវត្ត។ យានជំនិះនេះអាចហោះបានចម្ងាយ 33 គីឡូម៉ែត្រ ល្បឿន 100 គីឡូម៉ែត្រ/ម៉ោង ហោះបានរយៈពេល 20 នាទី និងកម្ពស់ 120 ម៉ែត្រ។
យានជំនិះហោះរបស់ក្រុមហ៊ុនវៀតណាម Airlios ប្រើប្រាស់ថ្មផ្ទុកអគ្គិសនីប្រភេទ lithium-ion និងប្រភពអគ្គិសនីបម្រុងមួយផ្សេងទៀត៕