Skip to content

ព័រ​ទុយ​ហ្គា​ល់ និង​បារាំង ឈ្នះ​កៅអី​ទៅ World Cup ខណៈ​ហូ​ឡង់ ធ្លាក់

ក្រុម​ម្ចាស់​ជើងឯក​ប្រចាំ​ទ្វីបអឺរ៉ុប ព័រ​ទុយ​ហ្គា​ល់ បានឈ្នះ​កៅអី​ទៅកាន់​ព្រឹត្តិការណ៍ World Cup នៅ​ឆ្នាំក្រោយ តាមរយៈ​ការកត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ លើ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស្វ៊ី​ស កាលពី​ថ្ងៃ​អង្គារ ក្រោយពី​ការធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​ពី​សំណាក់​ខ្សែការពារ Johan Djourou បាន​ជួយ​ឲ្យ​ពួកគេ​ឈ្នះ​កៅអី​ដោយ​ស្វ័យប្រវត្តិ​តែម្តង។

ខ្សែការពារ​អន្តរជាតិ​ស្វ៊ី​សរូប​នេះ បានធ្វើ​ឲ្យ​បាល់​ចូលក្នុង​សំណាញ់​ទី​ខ្លួនឯង​នៅ​រយៈពេល4នាទីចុងក្រោយ​នៃ​តង់​ទី1  រួចហើយ​ខ្សែបម្រើ​ប្រយុទ្ធ Andre Silva បាន​បំពេញ​ជ័យជម្នះ​ឱ្យ​ក្រុម​របស់ខ្លួន​នៅ​នាទី​ទី57តែម្តង ខណៈដែល​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ បាន​តាម​ស្មើ27ពិន្ទុ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស ដើម្បី​បញ្ចប់​ដោយ​ការ​ឈរលើ​លេខ1ក្នុង​ពូ​ល D ដោយសារ​តែមាន​គ្រាប់​បាល់​ច្រើនជាង។ ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស បាន​នាំមុខ​នៅក្នុង​ពូ​ល​នេះ ចាប់តាំងពី​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ 2-0 ក្នុង​ទីក្រុង Basel ក្នុងការ​ប្រកួត​បើកឆាក​ក្នុង​ពូ​ល​របស់​ពួកគេ កាលពី​ខែកញ្ញា ឆ្នាំមុន​មកម្ល៉េះ និង​បាន​បន្ត​ឈ្នះ​រាល់​ការប្រកួត​ទាំង 9លើក នៅ​មុនពេល​ការប្រកួត​ក្នុង​ទីក្រុង Lisbon កាលពី​ថ្ងៃ​អង្គារ ស្រប​ពេលដែល​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ បាន​បន្ត​ឈ្នះ8លើកជាប់ៗគ្នា។ បច្ចុប្បន្ន​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស្វ៊ី​ស នឹង​ឈានទៅ​កាន់ការ​ចាប់ឆ្នោត​សម្រាប់​វគ្គ Playoff នៅ​ថ្ងៃទី17 ខែតុលា ខាងមុខនេះ។

ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Antoine Griezmann បា​នរក​គ្រាប់​បាល់1គ្រាប់ និង​បាន​ជួយ​ឲ្យ Olivier Giroud រកបាន1គ្រាប់​ផ្សេងទៀត ខណៈដែល​ក្រុម​ជម្រើសជាតិ​បារាំង បាន​កក់​កៅអី​របស់​ពួកគេ​ក្នុង​យុទ្ធនាការ World Cup នៅ​ឆ្នាំក្រោយ តាមរយៈ​ការ​ផ្តួល​ក្រុម​ជម្រើសជាតិ​បេឡា​រុស 2-1 នា​កីឡដ្ឋាន Stade de France ក្នុងការ​ប្រកួត​ជុំ​ចុងក្រោយ​នៃ​ពូ​ល A របស់​ពួកគេ​កាលពី​ថ្ងៃ​អង្គារ។

ដោយឡែក ក្រុម​ជម្រើសជាតិ​ហូ​ឡង់ បាន​ធ្លាក់​ចេញពី​យុទ្ធនាការ បើទោះបីជា​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ស៊ុយអែត 2-០ ក្នុង​ពូ​ល A ដូចគ្នានេះ​ក៏ដោយ។ បារាំង និង​ព័រ​ទុយ​ហ្គា​ល់ នឹងត្រូវ​ចូលរួម​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក អេ​ស្ប៉ា​ញ អង់គ្លេស អ៊ី​ស្លង់ អាល្លឺម៉ង់ ប៉ូឡូញ ស៊ែ​ប៊ី និង​ម្ចាស់ផ្ទះ​រុស្ស៊ី ក្នុងការ​ឈ្នះ​កៅអី World Cup ពី​វគ្គ​ជម្រុះ​នៅ​តំបន់​អឺរ៉ុប។ ក្រុម​ទាំង8ដែល​ត្រូវ​ឈ្នះ​កៅអី​ទៅ​ប្រកួត​វគ្គ Playoff រួមមាន​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស អ៊ីតាលី ក្រូ​អាស៊ី ដា​ណឺ​ម៉ាក អៀរ​ឡង់​ខាងជើង ស៊ុយអែត សាធារណរដ្ឋ​អៀរ​ឡង់ និង​ក្រុម​ជម្រើសជាតិ​ក្រិ​ក៕

ប្រភពពី៖ The Guardian

Leave a Reply

Your email address will not be published. Required fields are marked *