ការគ្រប់គ្រង និងដឹកនាំមនុស្សជារឿងសំខាន់បំផុតសម្រាប់ម្ចាស់ស្ថាប័នមួយ ឬបុគ្គលដែលចង់ក្លាយជាអ្នកដឹកនាំនៅថ្ងៃអនាគតត្រូវតែចេះ និងមានវិធីសាស្ត្រគ្រប់គ្រង ឬមានភាពជាអ្នកដឹកនាំផ្សេងៗគ្នាទៅតាមភាពវៃឆ្លាត ក៏ដូចជាបទពិសោធរៀងៗខ្លួន។
បង្ហាញពីភាពជាអ្នកដឹកនាំ នៅក្នុងវេទិកាភាពជាអ្នកដឹកនាំឆ្នាំ 2017 លោកជំទាវ តាំង ហ្គិចលៀង អគ្គនាយិកានៃក្រុមហ៊ុនឌីហ្វើនីឈ័រ បានលើកឡើងថា អ្នកដឹកនាំដែលល្អ គឺជាអ្នកដឹកនាំដែលយកបេះដូងទៅដឹកនាំ មានភាពជាគំរូល្អ មានការជំរុញទឹកចិត្តខ្លាំង និងមានការទទួលខុសត្រូវខ្ពស់។
លោកជំទាវ តាំង ហ្គិចលៀង បាននិយាយថា៖ «អ្នកដឹកនាំដែលល្អគឺជាអ្នកដឹកនាំដែលយកបេះដូងទៅដឹកនាំ ហើយវិធីសាស្ត្រដែលអាចដឹកនាំដោយរបៀបនេះបាន លុះត្រាតែយើងអាចយកចិត្តគេ មកដាក់ក្នុងចិត្តយើងឱ្យបាន»។
សហគ្រិនល្បីឈ្មោះខាងលើបានបន្ថែមទៀតថា ការដែលយកចិត្តរបស់អ្នកដទៃ មកដាក់ក្នុងចិត្តយើង គឺធ្វើឱ្យយើងក្លាយជាអ្នកដឹកនាំដែលមានការគិតល្អិតល្អន់ និងមានចិត្តទូលាយបំផុត។ លោកជំទាវបានពន្យល់លម្អិតលើចំណុចនេះដោយលើកជាឧទាហរណ៍ថា ប្រសិនបើបុគ្គលិកធ្វើខុស យើងអាចមានរឿង 5 ចង់ស្តីឱ្យ ប្រសិនបើយើងមិនបានយកចិត្តបុគ្គលិកនោះមកដាក់ក្នុងចិត្តយើងទេនោះ តែនៅពេលដែលយើងសាកគិតម្តងទៀត ពេលខ្លះក្នុងការសម្រេចចិត្តស្តីបន្ទោស 5 រឿងនោះ យើងអាចខុស 3 រឿងរួចបាត់ទៅហើយ ហេតុនេះ ក្នុងនាមយើងជាអ្នកដឹកនាំ គួរតែគិតទៅវិញថា ប្រសិនបើយើងទទួលរងនូវការស្តីបន្ទោស ឬទទួលរងនូវស្ថានភាពដែលយើងបានធ្វើដាក់គាត់វិញ តើគាត់នឹងមានអារម្មណ៍បែបណា ហើយវាចំណេញអ្វីខ្លះដល់ស្ថាប័ន និងអ្នកទាំងអស់គ្នា។
បញ្ជាក់លើចំណុចភាពជាអ្នកដឹកនាំនេះដែរ លោកជំទាវ តាំង ហ្គិចលៀង បានថ្លែងផងដែរថា អ្នកដឹកនាំដែលប្រើបេះដូងទៅដឹកនាំក៏ជាមនុស្សដែលមានភាពទទួលខុសត្រូវខ្ពស់ផងដែរ ដោយយើងគួរគិតថាវាសនារបស់អ្នកដទៃគឺស្ថិតក្នុងដៃរបស់យើង។ នៅពេលដែលយើងគិតថា វាសនាអ្នកដទៃ ជាពិសេសបុគ្គលិកដែលមានវ័យជាង 20ឆ្នាំ កំពុងរីកលូតលាស់ជាមួយយើង ហើយគាត់នឹងមានអនាគតបន្តទៀតជាមួយនឹងការដឹកនាំរបស់យើង យើងនឹងកាន់តែមានអារម្មណ៍ថា ត្រូវតែមានភាពជាអ្នកដឹកនាំឱ្យខ្លាំងជាងមុន ដើម្បីធ្វើការអភិវឌ្ឍ និងដឹកនាំឆ្ពោះទៅរកចំណុចដែលកាន់តែវិជ្ជមានឡើង៕