ភ្នំពេញ៖ នៅក្នុងត្រីមាសទី1 ឆ្នាំ2017នេះ ទុនវិនិយោគនៃវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា សរុបមានចំនួន1,200លានដុល្លារ ពោលគឺបានធ្លាក់ចុះប្រមាណជា 22% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2016។
លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានថ្លែងក្នុងសិក្ខាសាលាស្តីពីទិដ្ឋភាពច្បាប់ បទដ្ឋានគតិយុត្តលើការវិនិយោគវិស័យសំណង់នៅកម្ពុជាថា ទោះជាទុនវិនិយោគលើវិស័យសំណង់មានការធ្លាក់ចុះដូច្នេះមែន ប៉ុន្តែបើយើងក្រឡេកមើលគម្រោងសំណង់លំនៅឋាន និងបុរី គិតត្រឹមខែមិនា ឆ្នាំ2017 ការវិនិយោគមាន 670គម្រោង ដែលមានទុនសរុប 939លានដុល្លា មានការកើនឡើង 33.18% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកឧកញ៉ា បញ្ជាក់ថា វិស័យសំណង់ បច្ចុប្បន្នអគារចាប់ពី5ជាន់ឡើងមានចំនួនជាង600អគារ និងបុរីជាង110ទីតាំង។
ចំណែកលោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ចាប់ពីឆ្នាំ 2010 រហូតដល់ខែកញ្ញា ឆ្នាំ2017 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានសរុបបានចំនួន 213គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជា 3,375លានដុល្លារអាមេរិក។
លោកជំទាវមានប្រសាសន៍ថា វិស័យសំណង់នៅកម្ពុជាគឺមានការរីកចម្រើនខ្លាំង តែចំនួនក្រុមហ៊ុនដែលក្រសួងផ្តល់អាជ្ញាប័ណ្ណឱ្យបាន213គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ 3,375លានដុល្លារអាមេរិក។ ក្នុងចំណោមគម្រោងដែលទទួលបានអាជ្ញាប័ណ្ណ ក្នុងនោះគម្រោងបុរីមានចំនួន 132 គម្រោង ស្មើនឹង 31,997ផ្ទះ និងអគារសហកម្មសិទ្ធិ មានចំនួន 81 គម្រោង ស្មើនឹង 29,612បន្ទប់។
លោកជំទាវបានរំឭកថា ឧស្សាហកម្មសំណង់នៅប្រទេសកម្ពុជាបានបង្កើតរហូតដល់ប្រមាណ1/10(មួយភាគដប់)នៃផលិតផលក្នុងស្រុកសរុប(ផសស)នៅក្នុងប្រទេសកម្ពុជា និងបានបង្កើតការងារដោយផ្ទាល់ និងមិនផ្ទាល់សម្រាប់ប្រជាពលរដ្ឋជាច្រើន។ លើសពីនេះដោយសារវិស័យសំណង់មានការចូលរួមជាច្រើនពីសំណាក់សហគ្រាសធុនតូច និងមធ្យម ដូច្នេះវិស័យនេះបានបង្កើតប្រាក់ចំណូលដែលត្រូវបានបែងចែកទូលំទូលាយ ធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរឡើង។
របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យដឹងថា វិស័យសំណង់នៅតែបន្តកំណើនរឹងមាំ និងស្ថិតក្នុងគន្លងដែលមាននិរន្តរភាពជាងមុន ទោះជាមានការថយចុះមកនៅត្រឹម 14.4% ក៍ដោយ។ នៅត្រីមាសទី1 ឆ្នាំ2017នេះ សកម្មភាពសាងសង់នៅតែបន្តកំណើនខ្ពស់ ទោះបីមានការថយចុះនៃគម្រោងសំណង់លំនៅឋាន ដែលមានតម្លៃខ្ពស់ ប៉ុន្តែត្រូវបានជំនួសវិញដោយសំណង់លំនៅឋានដែលមានតម្លៃសមរម្យ និងសំណង់ផ្សារទំនើប ព្រមជាមួយនឹងកំណើនវិនិយោគសាធារណៈ លើហេដ្ឋារចនាសម្ព័ន្ឋរូបវន្ត៕