វីដេអូថតពីទីខ្ពស់បង្ហាញអំពីភាពស្មុគស្មាញរបស់ The Line ដែលជាមហាគម្រោងទីក្រុងបណ្ដោយត្រង់ឆ្លងកាត់សមុទ្រខ្សាច់របស់ ប្រទេសអារ៉ាប៊ីសាអូឌីត។
វីដេអូថ្មីដែលត្រូវបានប្រកាសដោយក្រុមហ៊ុនផលិតយន្តហោះដ្រោន OT Sky បង្ហាញថា មហាទីក្រុង The Line របស់ អារ៉ាប៊ីសាអូឌីត កំពុងត្រូវបានសាងសង់ នេះបើតាម Arabian Business ចេញផ្សាយកាលពីថ្ងៃទី ២១ តុលាកន្លងទៅ។ ក្នុងវីដេអូនេះ គេឃើញមានគ្រឿងចក្រជាច្រើនកំពុងធ្វើការនៅកណ្ដាលសមុទ្រខ្សាច់។ គ្រឿងចក្រទាំងនេះកំពុងបង្កើតចង្អូរខ្នាតធំមួយ ជាទីដែលគ្រោងនឹងចាក់គ្រឹះរបស់មហាគម្រោងទីក្រុងបណ្ដោយត្រង់ The Line។
The Line ស្ថិតក្នុងគម្រោងធំដែលមានឈ្មោះថា NEOM តម្លៃ ៥០០ ពាន់លានដុល្លារអាម៉េរិក។ នៅពេលសាងសង់រួចរាល់ ទីក្រុងនេះនឹងមានទទឹង ២០០ ម៉ែត្រ និងបណ្ដោយ ១៧០ គីឡូម៉ែត្រ។ អ្នកនៅក្នុងទីក្រុង The Line អាចផ្លាស់ទីពីក្បាលម្ខាងរបស់ទីក្រុង ទៅកាន់ក្បាលម្ខាងទៀតដោយចំណាយពេលតែ ២០ នាទី ក្នុងការជិះរថភ្លើងល្បឿនលឿន។ ជញ្ជាំងខាងក្រៅរបស់ The Line ធ្វើអំពីកញ្ចក់ កម្ពស់ប្រហែល ៥០០ ម៉ែត្រ ខ្ពស់ជាងអគារ Empire State (៤៥០ ម៉ែត្រ) និងតួ Eiffel (៣៣០ ម៉ែត្រ) ទៅទៀត។
The Line ដែលសាងសង់លើផ្ទៃដីប្រមាណ ៣៤ គីឡូម៉ែទ្រក្រឡា នឹងក្លាយជាទីស្នាក់នៅរបស់មនុស្សចំនួន ៩ លាននាក់។ ទីក្រុងនេះនឹងមានអ្វីៗគ្រប់យ៉ាង មានដូចជា សួនសាធារណៈ តំបន់សម្រាប់អ្នកថ្មើរជើង សាលារៀន និងកន្លែងធ្វើការជាដើម។ ពលរដ្ឋនៅទីនេះអាចទៅប្រើប្រាស់គ្រប់សេវាកម្មដោយចំណាយពេលដើរតែ ៥ នាទីប៉ុណ្ណោះ។ The Line នឹងមិនមានផ្លូវសាធារណៈសម្រាប់រថយន្ត ហើយវាក៏នឹងមិនបញ្ចេញឧស្ម័នពុល ដោយសារថា នឹងដំណើរការ ១០០% ដោយថាមពលកកើតឡើងវិញ។
រាជទាយាទ Mohammed bin Salman របស់ អារ៉ាប៊ីសាអូឌីត បានប្រកាសផែនការសាងសង់ The Line ជាលើកដំបូងកាលពីខែមករា ២០២១។ គម្រោងនេះនឹងជួយធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ អារ៉ាប៊ីសាអូឌីត ដើម្បីកាត់បន្ថយការពឹងផ្អែកលើរ៉ែប្រេង។
The Line ស្ថិតនៅក្នុងខេត្ត Tabuk ភាគពាយព្យនៃ ប្រទេសអារ៉ាប៊ីសាអូឌីត។ ពីទីនេះ អ្នកដំណើរអាចទៅកាន់ ៤០% នៃទីតាំងទាំងឡាយនៅលើពិភពលោកដោយប្រើពេលតែ ៦ ម៉ោងក្នុងការជិះយន្តហោះ។ អាកាសធាតុក្នុងទីក្រុងនេះ នឹងត្រូវបានរក្សាឱ្យនៅត្រជាក់ល្មមពេញមួយឆ្នាំ។ ទន្ទឹមនឹងនេះ ទីតាំងលំហ និងបៃតងទាំងឡាយនៅក្នុងទីក្រុងនេះ នឹងជួយបង្កើនផាសុកភាពសម្រាប់អ្នករស់នៅ អ្នកធ្វើការ និងអ្នកមកលេងផងដែរ៕