ភ្នំពេញ៖ របាយការណ៍ថ្មីមួយបានរកឃើញថា ទោះជាកំណើនសេដ្ឋកិច្ចឆ្នាំ 2017 នឹងនៅតែបន្តកើនក្នុងរង្វង់7.0%ក៏ដោយ ក៏ប៉ុន្តែផលិតផលក្នុងស្រុកសរុប(ផសស) ឬហៅថាចំណូលដុលប្រចាំឆ្នាំរបស់ប្រជាជនខ្មែរម្នាក់មានចំនួនត្រឹមតែ 1,422ដុល្លារអាមេរិក ប្រហែល118ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ។
យោងតាមរបាយការណ៏លទ្ធផលនៃការអនុវត្តថវិកាឆមាសទី1 និងលទ្ធផលប៉ាន់ស្មាននៃការអនុវត្តថវិកាឆ្នាំ2017របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចឆ្នាំ2017 នៅតែបន្តរឹងមាំក្នុងរង្វង់7.0% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប(ផសស) គិតជាទឹកប្រាក់តាមថ្លៃបច្ចុប្បន្នមានចំនួន 89,032,586លានរៀល ស្មើនឹង 21,983 លានដុល្លារអាមេរិក ហើយផលិតផលសរុបសម្រាប់មនុស្សម្នាក់រំពឹងថា នឹងឡើងដល់1,422ដុល្លារក្នុងមួយឆ្នាំនេះ។
កាលពីឆ្នាំ2016កន្លងទៅ សេដ្ឋកិច្ចកម្ពុជានៅរក្សាបានកំណើនក្នុងរង្វង់7.0% ដែលគាំទ្រដោយការងើបឡើងវិញនៃវិស័យកសិកម្ម កំណើនរឹងមាំនៃវិស័យសំណង់ ទោះជាមានកំណើនថយចុះបន្តិច និងកំណើនគួរឱ្យកត់សម្គាល់នៃវិស័យមិនមែនកាត់ដេរក្ដី។ ប្រការនេះធ្វើឱ្យផលិតផលក្នុងស្រុកសរុប(ផសស) សម្រាប់មនុស្សម្នាក់កើនពី1,216ដុល្លារនៅឆ្នាំ2015 ដល់1,302 ដុល្លារនៅឆ្នាំ2016 បើគិតសរុបសម្រាប់មនុស្សម្នាក់ទទួលបានប្រហែល108ដុល្លារក្នុងមួយខែ។
យោងតាមការប៉ាន់ស្មាន ដោយផ្អែកតាមទិន្នន័យស្ថិតិជាក់ស្តែងរបស់ស្ថាប័នពាក់ព័ន្ធក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ2017នេះ សេដ្ឋកិច្ចកម្ពុជាអាចនឹងនៅតែបន្តកំណើនក្នុងរង្វង់ 6.9% ក្នុងឆ្នាំ2017 ដែលទាបជាងការប៉ាន់ស្មានកាលពីដើមឆ្នាំ ដែលកំណើននេះត្រូវបានគាំទ្រដោយវិស័យសំណង់ និងវិស័យកសិកម្ម និងកំណើនខ្ពស់លើសពីការរំពឹងទុកនៃវិស័យទេសចរណ៍។
វិស័យកសិកម្មត្រូវបានព្យាករថា នឹងបន្តកំណើនរឹងមាំក្នុងរង្វង់ 2.0% នៅឆ្នាំ2017 ចំណែកវិស័យឧស្សាហកម្មត្រូវបានព្យាករដែរថា នឹងមានកំណើនថយចុះបន្តិចក្នុងអត្រា 9.2% នៅឆ្នាំ2017 ដោយសារការថយចុះនៃកំណើនក្នុងវិស័យកាត់ដេរ។ វិស័យកាត់ដេររំពឹងថា មានកំណើនថយចុះមកនៅត្រឹម 5.8% ចំណែកវិស័យសំណង់ត្រូវបានព្យាករថា នៅបន្តរឹងមាំ និងស្ថិតនៅក្នុងគន្លងមួយដែលមាននិរន្តរភាពជាងមុន ទោះបីមានការថយចុះបន្តិចមកនៅត្រឹម14.4% ដោយសារការរង់ចាំមើលរបស់វិនិយោគិន ចំពោះព្រឹត្តិការណ៍បោះឆ្នោត ដែលខិតជិតមកដល់ និងវិធានការរឹតត្បិតរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការផ្តល់ឥណទានក្នុងវិស័យនេះ។
យោងតាមតួលេខនៃអង្គការរូបិយវត្ថុអន្តរជាតិ (IMF)បានបង្ហាញថា កម្ពុជាជាប្រទេសមួយដែលប្រជាជនមានចំណូលទាបជាងប្រទេសជិតខាងនៅក្នុងតំបន់អាស៊ី។ របាយការណ៍ចេញផ្សាយកាលពីខែមេសា ឆ្នាំ2017 បង្ហាញថា ប្រជាជនកម្ពុជាមានចំណូលត្រឹមតែ1,308ក្នុងមួយឆ្នាំ ខណៈដែលឥណ្ឌូនេស៊ីមានចំណូល 3,895 ដុល្លារក្នុងមួយឆ្នាំ ថៃ 6,265ដុល្លារ/ឆ្នាំ ហ្វីលីពីន3,102ដុល្លារ/ឆ្នាំ ម៉ាឡេស៊ី 9,623ដុល្លារ/ឆ្នាំ សិង្ហបូរី 51,431ដុល្លារ/ឆ្នាំ វៀតណាម 2,305ដុល្លារ/ឆ្នាំ មីយ៉ាន់ម៉ា 1,374ដុល្លារ/ឆ្នាំ ឡាវ 2,051ដុល្លារ/ឆ្នាំ និងប្រ៊ុយណេ 28,740ដុល្លារ/ឆ្នាំ៕