គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន ៣ ទៀត ជូនដល់ក្រុមហ៊ុន CHENG ZHEN YONG INDUSTRY, ក្រុមហ៊ុន XIN JIN HUA GARMENT និងក្រុមហ៊ុន SUCCESS METAL TECHNOLOGY។
ការវិនិយោគលើគម្រោងថ្មីរបស់បណ្ដាក្រុមហ៊ុនទាំងនេះ រួមមានដូចខាងក្រោម ៖
១-ក្រុមហ៊ុន CHENG ZHEN YONG INDUSTRY CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥.២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧២៣ កន្លែង។
២-ក្រុមហ៊ុន XIN JIN HUA GARMENT CO., LTD ៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,០៤១ កន្លែង។
៣-ក្រុមហ៊ុន SUCCESS METAL TECHNOLOGY CO., LTD. ៖ គម្រោងរោងចក្រស្ល និងកែច្នៃលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ស៊ីណូ មេធលលីក មេធៀរៀល, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៣.៩ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០ កន្លែង។
ទំហំសរុបនៃទឹកប្រាក់វិនិយោគរបស់ក្រុមហ៊ុនទាំង ៣ ខាងលើ ស្មើនឹង ១៤.១ លានដុល្លារអាម៉េរិក ហើយគ្រោងនឹងបង្កើតការងារថ្មីនៅ កម្ពុជា បានជាង ២,៥០០ កន្លែង៕