Skip to content

ទ្រព្យ​សម្បត្តិ​សរុប​របស់​អ្នក​មាន​ជាង​គេ​ ១០០ នាក់​នៅ​ ឥណ្ឌា ឡើង​ដល់ ៨០០ ពាន់​លាន​ដុល្លារ​អាម៉េរិក

យោង​តាម​បញ្ជី​កត់ត្រា​របស់ទស្សនាវដ្ដី Forbes ទ្រព្យ​សម្បត្តិ​សរុប​របស់​អ្នក​មាន​ជាង​គេ​ ១០០ នាក់​នៅ​ ប្រទេស​​ឥណ្ឌា បាន​កើន​ឡើង​ដល់ ៨០០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

នៅក្នុង​ប្រកាស​ថ្មី​បំផុត​របស់ Forbes Asia កាល​ពី​សប្ដាហ៍​មុន​ រូបិយប័ណ្ណ​រូពី​ឥណ្ឌា​ ដែល​ធ្លាក់​ថ្លៃ​នៅក្នុង​ប៉ុន្មាន​ខែកន្លង បាន​បង្ក​ផល​ប៉ះពាល់​ដល់​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​អ្នក​មាន​ជាង​គេ​នៅ ប្រទេស​ឥណ្ឌា។ ក៏ប៉ុន្តែ ការ​ធ្លាក់​ចុះ​របស់​ទ្រព្យ​សម្បត្តិ​នៃ​ក្រុម​អ្នក​មានមួយ​ចំនួន​​នេះ​ត្រូវ​បាន​ប៉ះប៉ូវ​ដោយ​ការ​កើន​ឡើង​នៃ​ទ្រព្យ​សរុប​របស់​មហា​សេដ្ឋី Gautam Adani នា​ពេល​កន្លង​ ដែល​បាន​នាំ​ឱ្យ​លោក​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី ១ នៅ​ ឥណ្ឌា​។

Forbes Asia បាន​ឱ្យ​ដឹង​ថា ការ​កើន​ឡើង​នៃ​​ទ្រព្យ​សម្បត្តិ​សរុប​របស់​អ្នក​មាន​ជាង​គេ​ទាំង​ ១០០ នាក់​នៅ ឥណ្ឌា ភាគ​ច្រើន​អាស្រ័យ​លើ​កំណើន​ដ៏​ឆាប់​រហ័ស​នៃ​ទ្រព្យ​របស់​ មហា​សេដ្ឋី Gautam Adani។ ប្រការ​នេះ​បាន​កែប្រែ​លំដាប់​ចំណាត់​ថ្នាក់​អ្នក​មានជាង​គេ​នៅ ឥណ្ឌា ជា​លើក​ដំបូង​រាប់ចាប់​ពីឆ្នាំ ២០០៨​។

បន្ទាប់ពី​ទ្រព្យ​បាន​កើន​ឡើងច្រើនជាង​មុន​ ៣ ដង​ក្នុង​ឆ្នាំ​ ២០២១ មហា​សេដ្ឋី Adani ក៏​បន្ត​ធ្វើ​ឱ្យ​ទ្រព្យ​នេះ​កើន​​ថែម​ ២ ដង​ទៀត​ចាប់​ពី​ដើម​ឆ្នាំ​រហូត​ដល់​បច្ចុប្បន្ន ដោយ​​​ឡើង​ដល់ ១៥០ ពាន់​លាន​ដុល្លារ​អាម៉េរិក​ នាំ​ឱ្យ​លោក​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី ២ ក្នុង​ពិភពលោក​។

មហាសេដ្ឋី​លំដាប់​ទី ២ នៅ ឥណ្ឌា លោក Mukesh Ambani បច្ចុប្បន្ន​មាន​ទ្រព្យ​ ៨៨ ពាន់​លាន​ដុល្លារ​ ថយ​ចុះ​ ៥% ធៀប​នឹង​ឆ្នាំ​ ២០២១​។ អ្នកជំនួញ​ ២ រូប​ខាងលើ​​នេះ បច្ចុប្បន្ន​កាន់កាប់​ ៣០% នៅក្នុងទំហំ​​ទ្រព្យ​សរុប​របស់​អ្នក​មាន​ជាង​គេ​ទាំង ១០០ នាក់​នៅ ប្រទេស​ឥណ្ឌា​។

ក្នុង​ប្រកាស​របស់​ខ្លួន Forbes Asia យល់​ថា ការ​ងើប​ឡើង​នៃ​តម្រូវ​ការ​ទីផ្សារ​ក្រោយ​វិបត្តិ​កូវីដ-១៩ របស់ ឥណ្ឌា បាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ និង​បង្កើន​តម្លៃ​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​មហា​សេដ្ឋី​ ទន្ទឹម​នឹង​ការ​ជួយ​ឱ្យ​ ឥណ្ឌា ក្លាយ​ជា​ខឿន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី ៥ ក្នុង​ពិភពលោក ដោយ​បាន​យក​ឈ្នះ​លើ​ ចក្រភព​អង់គ្លេស​៕

Leave a Reply

Your email address will not be published. Required fields are marked *