រោងចក្រអគ្គិសនី Al-Kharsaah ជាគម្រោងប្រើប្រាស់ថាមពលព្រះអាទិត្យនៅលើសមុទ្រខ្សាច់ដំបូងរបស់ ប្រទេសកាតា ដែលស្ថិតនៅភាគខាងលិចនៃ រដ្ឋធានីដូហា បានចាប់ផ្ដើមដំណើរការផ្គត់ផ្គង់អគ្គិសនី។
គម្រោងខាងលើដែលមានទុនវិនិយោគប្រហែល ៤៦៧ លានដុល្លារអាម៉េរិក ចំណាយទៅលើផ្ទាំងសូឡា ១.៨ លានផ្ទាំងដែលគ្របដណ្ដប់ផ្ទៃដីទំហំជាង ១០ គីឡូម៉ែត្រក្រឡា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី ១៨ តុលាកន្លងទៅ។ នេះគឺជា «ស្ថានីយផលិតអគ្គិសនីពីថាមពលព្រះអាទិត្យធំបំផុតមួយនៅ មជ្ឈិមបូព៌ា» Saad Sherida al-Kaabi ប្រធានក្រុមហ៊ុន QatarEnergy និងជា រដ្ឋមន្ត្រីក្រសួងថាមពល របស់ ប្រទេសកាតា សង្កត់ធ្ងន់ដូច្នេះ។
រោងចក្រនេះមានកម្លាំងដំបូង ៨០០ megawatt ហើយនឹងពង្រីកបន្ថែមទៀតនាពេលខាងមុខ។ គម្រោងនេះគឺជាផ្នែកមួយនៅក្នុង «បណ្ដាគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្រ» ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងកម្ដៅក្នុងបរិយាកាសនៅ កាតា។ វាត្រូវបានចាប់ផ្ដើមស្ថាបនាកាលពីឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងសាជីវកម្ម TotalEnergies (បារាំង) និង Marubeni (ជប៉ុន)។
នៅពេលថ្ងៃ បច្ចេកវិទ្យាកំណត់ទិសទៅរកពន្លឺរបស់ រោងចក្រអគ្គិសនី Al-Kharsaah នឹងបង្វែរផ្ទាំងសូឡារទៅតាមព្រះអាទិត្យ ដើម្បីទទួលបានកម្ដៅពេញលេញ ខណៈដែលនៅពេលយប់ ដៃយន្តនឹងសម្អាតធូលីនៅលើផ្ទៃរបស់ផ្ទាំងសូឡារ។
ប្រទេសកាតា បើទោះជាមិនជឿនលឿនដូចទៅនឹងបណ្ដាប្រទេសដទៃទៀតនៅតំបន់ឈូងសមុទ្រពែរ្ស ទាក់ទងនឹងការរត់ប្រណាំងផ្នែកអគ្គិសនីកកើតឡើងវិញ ប៉ុន្តែប្រទេសនេះបានប្រកាសគោលដៅផលិតអគ្គិសនីស្អាតឱ្យបាន ៥ gigawatt នៅឆ្នាំ ២០៣៥។
ក្រៅពី Al-Kharsaah ប្រទេសកាតា ក៏ថែមទាំងមានគម្រោងផលិតអគ្គិសនីពីផ្ទាំងសូឡារខ្នាតយក្សចំនួន ២ ផ្សេងទៀត ដើម្បីបង្កើនបរិមាណអគ្គិសនីកកើតឡើងវិញឱ្យបានទ្វេដងនៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ៕