អ្នកម្តាយអាចសង្កេតឃើញអាការផ្សេងៗរបស់កូនតូចក្រោយពីបានទទួលការចាក់វ៉ាក់សាំងការពារហើយដែរឬទេថា អាការដែលបង្ហាញចេញមកនោះមានគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះកូនតូចឬយ៉ាងណា?ហើយតើកូនតូចត្រូវបានទទួលការមើលថែទាំដែលស័ក្តិសម និងត្រឹមត្រូវតាមវិធីណាខ្លះ? លោកឪពុកអ្នកម្តាយនឹងមានវិធីការទប់ទល់យ៉ាងណានោះ យើងនាំគ្នាមកចម្លើយទាំងអស់គ្នា។
ឈឺ ហើម ឡើងក្រហមកន្លែងដែលចាក់ថ្នាំ
បើកូនមានអាការហើម ឬបង្ហាញអាការឈឺចាប់ (យំរករឿង) អ្នកម្តាយចូរស្អំដោយទឹកកកដើម្បីសម្រាលអាការឈឺចាប់។ ទាំងអស់នេះ អាការទាំងនោះអាចបាត់ទៅវិញក្នុងរយៈពេល1-3ថ្ងៃ តែបើសិនឡើងហើមក្រហមជាស្នាមរបួស សូមអ្នកម្តាយសាកល្បងសង្កេតមើលថាតើកូនកម្រើកដៃខាងដែលចាក់វ៉ាក់សាំងនោះបានតិចតួច ឬមិនកម្រើកសោះ អាការបែបនេះអាចកើតការឆ្លងមេរោគរហូតក្លាយពងខ្ទុះបាន ត្រូវប្រញាប់នាំកូនតូចទៅជួបលោកគ្រូពេទ្យជាបន្ទាន់។
មានគ្រុនក្តៅខ្លួន
យកក្រណាត់ស្អាតជ្រលក់ទឹកស្អាតសើមៗ ជូតបញ្ចុះកម្តៅ បរិវេណក កញ្ចឹងក តាមសន្លាក់ដៃជើងផ្សេងៗ ដើម្បីបញ្ចុះសីតុណ្ហភាពក្នុងរាង-កាយ។ អាការគ្រុនក្តៅនឹងធូរស្រាលឡើង និងបាត់ក្នុងអំឡុង2-3ថ្ងៃ តែបើកម្តៅខ្លួននៅតែខ្ពស់ មិនព្រមថយចុះ អាចឱ្យកូនតូចញ៉ាំថ្នាំបញ្ចុះកម្តៅតាមដែលគ្រូពេទ្យណែនាំបាន។
យំ ងង៉ក់ រករឿង
ពេលដែលកូនតូចយំ ងង៉ក់ កុំអាលជ្រួលច្រាលអី អ្នកម្តាយត្រូវធ្វើចិត្តឱ្យត្រជាក់ ប្រើវិធីលួងលោមកូន ដូចជា បង្វែរចំណាប់អារម្មណ៍ដោយការនាំទៅដើរលេង ច្រៀង ឬចាក់បទភ្លេងឱ្យកូនស្តាប់ ដើម្បីសាងបរិយាកាសដែលល្អ ការបី ព ឱបកូនយោលខ្លួនទៅមកតិចៗ ដើម្បីជួយសាងភាពកក់ក្តៅ សប្បាយចិត្តដល់កូនតូចឱ្យឈប់យំងង៉ក់។
មានពងទុលឡើងនៅកន្លែងដែលចាក់ថ្នាំ
មានលក្ខណៈបែបឡើងពង រួចបាត់ទៅវិញ ឡើងពង រួចបាត់ទៅវិញ ប្រមាណជា3-4សប្តាហ៍ ក៏នឹងជាបាត់ទៅវិញ មិនចាំបាច់ត្រូវដាក់ថ្នាំ ឬលាបថ្នាំបិទស្លាកស្នាមទេ។ បើមានពងទុលឡើង គួរប្រយ័ត្នកុំច្របាច់ កុំសង្កត់ ឬធ្វើអ្វីជាមួយពងនោះឱ្យសោះ ព្រោះអាចកើតការឆ្លងមេរោគ តែបើមានឆ្លងមេរោគចូល ក្លាយជាដំបៅ ចូរប្រញាប់នាំកូនតូចទៅជួបលោកគ្រូពេទ្យភ្លាម៕