ក្នុងការជួញដូរនៅថ្ងៃទី ១៨ តុលា នៅ ទ្វីបអាស៊ី តម្លៃប្រេងឆៅ Brent កើន ៨២ សេនអាម៉េរិក ដោយឡើងដល់ជាង ៩២ ដុល្លារ/ធុង ចំណែកប្រេងឆៅ WTI កើន ៨៦ សេនអាម៉េរិក ដោយឡើងដល់ជាង ៨៦ ដុល្លារ/ធុង។
ការឡើងថ្លៃរបស់ប្រេងឆៅនៅ អាស៊ី គឺដោយសារប្រាក់ដុល្លារអាម៉េរិកថមថយកម្លាំង បូករួមនឹងការបារម្ភអំពីប្រភពផ្គត់ផ្គង់ បើទោះជាល្បឿននៃការឡើងថ្លៃត្រូវបានបង្អាក់ដោយការព្យាករដែលថា តម្រូវការឥន្ធនៈនៅ ប្រទេសចិន ថយចុះ ព្រោះតែគោលនយោបាយ «គ្មានកូវីដ» ត្រូវបានអនុវត្តបន្ត។
តម្លៃប្រេង Brent ប្រគល់មានកាលកំណត់ កើន ៨២ សេនអាម៉េរិក ឬ ០.៩% ដោយឡើងដល់ ៩២.៤៤ ដុល្លារ/ធុងនៅម៉ោង ១៣ និង ៤៣ នាទី (ម៉ោងនៅ កម្ពុជា) ខណៈដែលប្រេងឆៅ WTI របស់ អាម៉េរិក កើន ៨៦ សេនអាម៉េរិក ឬ ១% ដោយឡើងដល់ ៨៦.៣២ ដុល្លារ/ធុង។
សន្ទស្សន៍ USD ដែលវាស់ស្ទង់តម្លៃរបស់ប្រាក់ដុល្លារអាម៉េរិក ជាមួយនឹងរូបិយប័ណ្ណដទៃទៀត ថយចុះទាបបំផុតរាប់ចាប់ពីថ្ងៃទី ០៦ តុលា។ ប្រាក់ដុល្លារអាម៉េរិកខ្សោយជាង នឹងធ្វើឱ្យប្រេងថោកជាងសម្រាប់អ្នកទិញដែលទូទាត់ដោយប្រាក់ដទៃដែលផ្សេងពីដុល្លារអាម៉េរិក។
យោងតាមអ្នកវិភាគរបស់ ANZ Research ក្រោយពី OPEC+ (ប្រទេសផលិតប្រេង និងដៃគូ) កាលពីដើមខែនេះប្រកាសកាត់បន្ថយបរិមាណប្រេង ក្រុមអ្នកវិនិយោគបានបង្កើនការទិញដោយយល់ថា តម្លៃនឹងឡើងក្នុងពេលអនាគត។
ក្នុងគ្រានេះដែរ លទ្ធភាពដែល ចិន បន្តអនុវត្តគោលនយោបាយហិរញ្ញវត្ថុដើម្បីជួយដល់សេដ្ឋកិច្ចដែលកំពុងរងផលប៉ះពាល់ដោយសារវិធានការបង្ការជំងឺកូវីដ-១៩ ក៏បានគាំទ្រដល់តម្លៃប្រេង។
អំពីប្រភពផ្គត់ផ្គង់ Reuters បានឱ្យដឹងថា ឃ្លាំងប្រេងឆៅរបស់ អាម៉េរិក កើនក្នុងសប្ដាហ៍ទីពីរបន្តបន្ទាប់ ក្នុងកម្រិត ១.៦ លានធុងនៅក្នុងសប្ដាហ៍ដែលបញ្ចប់កាលពីថ្ងៃទី ១៤ តុលា៕