មជ្ឈមណ្ឌលបង្ហាញត្រាប់ខ្យល់ព្យុះថ្មីមួយទើបត្រូវបានដាក់ឱ្យដំណើរការនៅ ប្រទេសដាណឺម៉ាក ដើម្បីលើកកម្ពស់ការយល់ដឹងរបស់មនុស្សគ្រប់គ្នាអំពីកម្លាំងដ៏មហិមារបស់ធម្មជាតិ។
ស្ថាបនិករបស់មជ្ឈមណ្ឌលបង្ហាញត្រាប់ខ្យល់ព្យុះ «Beat the Storm» បានឱ្យដឹងថា គោលបំណងនៃការបង្កើតឱ្យមានមជ្ឈមណ្ឌលនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីធម្មជាតិតាមរយៈល្បែងកំសាន្ត។
ស្ថាបនិករបស់ «Beat the Storm» ថ្លែងថា «យើងគួរតែដឹងអំពីវិធីទប់ទល់នឹងខ្យល់ព្យុះ។ ពិតណាស់ មនុស្សជាច្រើនដឹងថា ព្យុះគឺជាអ្វី ប៉ុន្តែនៅពេលអាជ្ញាធរស្នើ ដូចជា ឱ្យចាកចេញពីតំបន់មានព្យុះ មានមនុស្សជាច្រើនមិនធ្វើតាម»។
«បើសិនជាអ្នកបានចំណាយពេលតែ ២០ វិនាទីក្នុងការទទួលបទពិសោធន៍ពី Beat the Storm អ្នកនឹងដឹងច្បាប់អំពីកម្លាំងមិនធម្មតារបស់ធម្មជាតិ របស់បាតុភូតអាកាសធាតុដ៏អាក្រក់នេះ ហើយអ្នកនឹងបានដឹងថា មនុស្សយើងតូចតាចកម្រិតណា» លោក Ingus Augstkalns ស្ថាបនិករបស់ Beat the Storm និយាយដូច្នេះ។
(ខាងលើគឺជារូបភាពដែលបង្ហាញថា Beat the Storm កំពុងតែបក់ភ្ញៀវមកលេងកំសាន្តដោយកម្លាំងខ្យល់កើនឡើងជាលំដាប់ នៅពេលពួកគេព្យាយាមឆ្ពោះទៅគោលដៅម្ខាងទៀតក្នុងបន្ទប់ខ្យល់ដើម្បីចុចប៊ូតុង)
ដំណើរការនៃការបង្ហាញត្រាប់ Beat the Storm ត្រូវបានបង្កើតឡើងសម្រាប់មនុស្សចាប់ពីអាយុ ៤ ឆ្នាំ ដល់ ៨០ ឆ្នាំ ក្នុងនោះ ក្មេងៗអាចឆ្លងកាត់កម្លាំងខ្យល់ ១៣០ គីឡូម៉ែត្រ/ម៉ោង។ ចំណែកក្មេងជំទង់ និងមនុស្សពេញវ័យអាចជ្រើសរើសខ្យល់កម្លាំងឡើងដល់ ១៦៥ គីឡូម៉ែត្រ/ម៉ោង។
ដោយសារតែបាតុភូតធម្មជាតិអាក្រក់នឹងកើតឡើងញឹកញាប់ជាងមុន និងបង្កការខូចខាតធ្ងន់ធ្ងរជាងមុន ការបង្ហាញត្រាប់ព្យុះក៏នឹងមានប្រយោជន៍ចំពោះបេសកកម្ម និងសេវាកម្មជួយសង្គ្រោះ។ ចំពោះពួកគេ ប្រការសំខាន់គឺត្រូវតែដឹងវិធីធ្វើការនៅក្នុងស្ថានភាពមានខ្យល់ខ្លាំង នេះបើតាមលោក Ingus Augstkalns។
ស្ថាបនិករបស់ «Beat the Storm» បញ្ជាក់ថា «យើងមានប្រព័ន្ធបង្ហាញត្រាប់មួយដែលត្រូវបានផលិតឡើងជាពិសេសសម្រាប់សេវាកម្មជួយសង្គ្រោះ និងកងទ័ព។ មានភារកិច្ចមួយចំនួនដែលអ្នកអាចហ្វឹកហាត់នៅទីនោះ»៕