Skip to content

អ៊ី​ស្លង់ ក្លាយជា​ប្រទេស​តូច​ជាងគេ​បំផុត​ក្នុងការ​ឈ្នះ​កៅអី​ទៅ World Cup

ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ី​ស្លង់ បានឈ្នះ​កៅអី​មួយ​ទៅកាន់​ប្រទេស​រុស្ស៊ី ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ លើ​ក្រុម​ជម្រើសជាតិ​កូ​សូ​វ៉ូ ក្នុង​ទីក្រុង Reykjavik កាលពី​ថ្ងៃ​ចន្ទ និង​បាន​ក្លាយជា​ប្រទេស​តូច​ជាងគេ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​ក្នុងការ​ឈ្នះ​សិទ្ធិ​ទៅ World Cup។

ក្រុម​របស់លោក Heimir Hallgrimsson បានដឹងថា ការដណ្តើម​បាន​ជ័យជម្នះ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​បាត​តារាង​នៃ​ពូ​ល I នេះ នឹងធ្វើ​ឲ្យ​ពួកគេ​បញ្ចប់​ដោយបាន​ឈរលើ​លេខ1ក្នុង​ពូ​ល និង​ឈ្នះ​កៅអី​ជា​ស្វ័យប្រវត្តិ​ទៅ​ជុំ​ផ្តាច់ព្រ័ត្រ ហើយ​ខ្សែបម្រើ Gylfi Sigurdsson របស់​ក្រុម Everton បាន​កាត់បន្ថយ​ការភិតភ័យ​របស់​ពួកគេ​តាមរយៈ​ការរកបាន​គ្រាប់​បាល់​ដ៏​ល្អ​មួយ​គ្រាប់​មុនពេល​បញ្ចប់​តង់​ទី1។

Sigurdsson ក៏បាន​ជួយ​ឲ្យ​កីឡាករ Johann Berg Gudmundsson រក​គ្រាប់​បាល់​ទី2ផងដែរ នៅ​ពាក់កណ្តាល​តង់​ទី2 ខណៈដែល​ក្រុម​ជម្រើសជាតិ​អ៊ី​ស្លង់ បាន​បំពេញ​យុទ្ធនាការ​ជម្រុះ​របស់​ពួកគេ តាមរយៈ​ការ​ឈ្នះ​ការប្រកួត3លើកចុងក្រោយ​របស់​ពួកគេ ដើម្បី​បង្ហាញថា ការ​ឈានទៅ​ប្រកួត​វគ្គ8ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Euro ឆ្នាំ2016 របស់​ពួកគេ​កន្លងមក​នោះ មិនមែនជា​រឿង​ចៃដន្យ​ឡើយ។

លោក Hallgrimsson គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អ៊ី​ស្លង់ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​បានគិត បន្ទាប់ពី​ការប្រកួត Euro ឆ្នាំ2016 ហើយ​ថា រឿង​ដែល​លំបាក​បំផុត​គឺ​ការលើកទឹកចិត្ត​ខ្លួនឯង​ម្តងទៀត។ រឿង​ដ៏​ល្អ​បំផុត​គឺ​ការ​បន្តធ្វើ​ឲ្យ​បានល្អ​ម្តងទៀត ក្រោយពី​ការជួប​ភាពជោគជ័យ​ដ៏​ធំ​នៅ​ប្រទេស​បារាំង»។ ស្របពេល​ជាមួយគ្នានេះ ក្រុម​ជម្រើសជាតិ​ស៊ែ​ប៊ី ក៏បាន​ឈ្នះ​កៅអី​របស់​ពួកគេ​ទៅកាន់​ព្រឹត្តិការណ៍ World Cup ឆ្នាំ2018 ផងដែរ ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ហ្ស៊​ក​ហ្ស៊ី ដើម្បី​បញ្ចប់​ដោយ​ឈរលើ​លេខ1ក្នុង​ពូ​ល​របស់​ពួកគេ។

ក្រុម​ជម្រើសជាតិ​អ៊ី​ស្លង់ ត្រូវការ3ពិន្ទុ​ជាដាច់ខាត​ដើម្បី​បញ្ចប់​ដោយ​ការ​ឈរលើ​លេខ1ក្នុង​ពូ​ល ក្នុងការ​ប្រកួត​ជម្រុះ​ប្រចាំ​តំបន់​អឺរ៉ុប ក្នុង​ពូ​ល I ខណៈដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រូ​អាស៊ី ដែល​បាន​បណ្តេញ​លោក Ante Cacic ចេញពី​តំណែង​កាលពី​សប្តាហ៍​មុន​នោះ បាន​កត់ត្រា​ជ័យជម្នះ 2-០ លើ​ក្រុម​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន ក្នុង​ទីក្រុង​គៀវ ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ2៕

លទ្ធផល​ពី​ការប្រកួត​ផ្សេងទៀត

Albania 0-1 Italy
Finland 2-2 Turkey
FYR Macedonia 4-0 Liechtenstein
Israel 0-1 Spain
Moldova 0-1 Austria
Wales 0-1 Ireland
ប្រភពពី៖ The Guardian

Leave a Reply

Your email address will not be published. Required fields are marked *