Skip to content

ណាសា (NASA) ជិត​សាកល្បង​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ ក្រោយ​រយៈ​ពេល ៧៥ ឆ្នាំ

យន្តហោះ​ X-59 ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ទំព័រ​យុគ​សម័យ​ថ្មី​ក្នុង​វិស័យ​អាកាស​ចរណ៍​ ដោយ​មាន​សមត្ថភាព​អាច​ហោះ​ក្នុងល្បឿន​លឿន​ជាង​សំឡេង​ និង​បង្ក​សំឡេង​រំខាន​តិច​ជាង​ធៀប​នឹងយន្តហោះ​ Concorde។

ក្រុម​អ្នក​ជំនាញ​ផ្នែក​អាកាស​ចរណ៍​ក្នុង​គម្រោង​​ Quesst របស់ ណាសា កំពុង​រក​វិធីដើម្បី​​ឆ្លង​ផុត​ពី​ឧបសគ្គ​សំឡេង​ម្ដង​ទៀត​​ ទៅតាម​វិធី​ដែល​អាច​ជួយ​ឱ្យ​ភ្ញៀវ​​ធ្វើដំណើរ​លឿន​​ដូច​ទៅ​នឹង​អ្នក​បើក​បរ​យន្តហោះ​ល្បឿន​លឿនជាង​សំឡេង X-1 នេះ​បើ​តាម Tech Times ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី ១៦ តុលា​។

ដើម្បី​វាយ​តម្លៃ​លើ​សមត្ថភាព​កាត់​បន្ថយ​​សំឡេង​រំខាន​របស់​បច្ចេកវិទ្យាថ្មី ណាសា​ នឹង​ប្រើប្រាស់​ប្រព័ន្ធ​អង្គញាណ​ដើម្បី​វាស់ស្ទង់​សំឡេង​រំខាន​ពី​លើដី​។ តាម​គម្រោង X-59 នឹង​អាច​ហោះ​ហើរ​នៅ​ដើម​ឆ្នាំ​ ២០២៣​។

Catherine Bahm វិស្វករ​អាកាស​ចរណ៍​នៅ​ មជ្ឈមណ្ឌល​ហោះ​ហើរ Armstrong របស់ ណាសា នៅ California គឺជា​អ្នក​គ្រប់​គ្រង​គម្រោង​សាកល្បង​ហោះ​ហើរ​​ដែល​មាន​សំឡេង​រំខាន​កម្រិត​ទាប​។ ក្រុម​របស់​នាង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រចនា​ និង​បង្កើត​​ X-59 ដែលជា​យន្តហោះ​សាកល្បង​សំខាន់​ក្នុង​គម្រោង​ Quesst។ តាម​រយៈ​ Quesst អង្គការ​ណាសា មាន​ផែនការ​បញ្ជាក់​ថា X-59 អាច​ហោះ​ហើរ​លឿន​ជាង​សំឡេង​ ប៉ុន្តែ​មិន​បង្ក​សំឡេង​រំខាន​ខ្លាំង​ដែល​ធ្លាប់​ធ្វើ​ឱ្យ​យន្តហោះ​លឿនជាង​សំឡេង​ត្រូវ​បាន​ហាម​ឃាត់​​ការ​ហោះ​ហើរ​ពី​លើ​ដី​គោក​កាល​ពី​ឆ្នាំ​ ១៩៧៣​។

យន្តហោះ X-59 ត្រូវ​បាន​រចនា​ឡើង​ដើម្បី​អាច​ដឹក​ភ្ញៀវ និង​ហោះ​ក្នុង​ល្បឿន​ ១,៧០០ គីឡូម៉ែត្រ​/ម៉ោង​ (លឿន​ជាង​ល្បឿន​របស់​សំឡេង​ជិត ១.៤ ដង) និង​ហោះ​បាន​កម្ពស់​ ១៦.៨ គីឡូម៉ែត្រ ធៀប​នឹង​ផ្ទៃ​ដី​។ ដោយ​ហោះ​ក្នុង​ល្បឿន​នេះ អ្នក​បើក​បរ​ចំណាយ​ពេល​តែ​ ៣ ម៉ោង​ប៉ុណ្ណោះ​ ក្នុង​ការ​ហោះ​ហើរ​ពី​ ក្រុង​ឡុងដ៍ ទៅ​កាន់​ ញូវយ៉ក។

បច្ចេកវិទ្យា​ថ្មី​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជួយ​ឱ្យ​ X-59 មាន​សំឡេង​រំខាន​ត្រឹម​​ ៦០ dBA តែ​ប៉ុណ្ណោះ ដែល​នេះ​គឺ​ជា​កម្រិត​ទាប​ជាង​ឆ្ងាយ​ បើ​ធៀប​នឹងយន្តហោះ​ Concord៕

Leave a Reply

Your email address will not be published. Required fields are marked *