កោសិកាខួរក្បាលមនុស្ស និងកណ្ដុរចំនួន ៨០០,០០០ ដែលត្រូវបានអ្នកវិទ្យាសាស្ត្របណ្ដុះ និងចិញ្ចឹមនៅក្នុងបន្ទប់ពិសោធន៍ នៅ អូស្ត្រាលី បានបង្ហាញសមត្ថភាពនៅពេលលេងហ្គេម Pong។
ក្រុមអ្នកវិទ្យាសាស្ត្រនៅ Melbourne អភិវឌ្ឍកោសិកាមនុស្ស និងកណ្ដុរចំនួន ៨ សែន នៅក្នុងចានពិសោធន៍ និងឱ្យពួកវាលេងហ្គេមអេឡិចត្រូនិច Pong។ លទ្ធផលនៃការពិសោធន៍ថ្មីដែលត្រូវបានចុះផ្សាយលើទស្សនាវដ្ដី Neuron កាលពីថ្ងៃទី ១២ តុលា បានបង្ហាញថា កោសិកាខួរក្បាលដែលបណ្ដុះ និងចិញ្ចឹមក្នុងបន្ទប់ពិសោធន៍ក៏បង្ហាញអំពីភាពឆ្លាតវៃ និងកែតម្រូវសកម្មភាពទៅតាមពេលវេលា។
ដំបូង អ្នកវិទ្យាសាស្ត្រភ្ជាប់កោសិកាទាំងនេះជាមួយនឹងកុំព្យូទ័រដើម្បីឱ្យពួកវាដឹងថា តើបន្ទះទប់ក្នុងហ្គេម Pong បានទប់ចំបាល់ដែរ ឬទេ។ ពួកគេតាមដានសកម្មភាព និងប្រតិកម្មរបស់កោសិកាខួរក្បាលដែលបានឆ្លើយតប តាមរយៈការប្រើប្រាស់ម៉ាស៊ីនស្កេនរលកអគ្គិសនីដែលបង្ហាញជាទម្រង់ «បន្លា» នៅលើប្រព័ន្ធមួយ។
បន្លាទាំងនោះប្រែទៅជាខ្លាំងក្លាជាងមុន នៅពេលកោសិកាបញ្ជាបន្ទះទប់ និងទប់ចំគ្រាប់បាល់។ នៅពេលទប់មិនចំគ្រាប់បាល់ ការលេងរបស់កោសិកានឹងត្រូវបានកម្មវិធីកុំព្យូទ័រមួយរបស់បន្ទប់ពិសោធន៍ Cortical នៅ Melbourne ធ្វើការរិះគន់។ ការស្រាវជ្រាវនេះបង្ហាញថា កោសិកាខួរក្បាលអាចកែតម្រូវសកម្មភាព ដើម្បីសមស្របនឹងបរិស្ថានដែលបានប្ដូរផ្លាស់ ទៅតាមវិធីដែលមានការគ្រោងទុក និងទៅតាមពេលវេលាជាក់ស្ដែង។
ហ្គេមខាងលើ មិនមែនជាល្បែងតែមួយដែលក្រុមអ្នកវិទ្យាសាស្ត្រនេះយកមកធ្វើការពិសោធន៍ចំពោះខួរក្បាលដែលពួកគេបានបណ្ដុះ និងចិញ្ចឹមនេះទេ។ ហ្គេម Bolan ដែលបង្ហាញខ្លួននៅពេល Google Chrome មានបញ្ហា ក៏ត្រូវបានយកមកពិសោធន៍សម្រាប់កោសិកាខួរក្បាលទាំងនេះ។
Brett Kagan ប្រធានផ្នែកវិទ្យាសាស្ត្រនៅបន្ទប់ពិសោធន៍ Cortical នៅ Melbourne និងជាសមាជិកក្រុមស្រាវជ្រាវខាងលើបានឱ្យដឹងថា ពួកគេនៅមានការងារជាច្រើនទៀតត្រូវធ្វើដើម្បីបង្កើតបរិស្ថានថ្មីសម្រាប់គោលដៅជាក់លាក់។
ក្រុមអ្នកវិទ្យាសាស្ត្រឱ្យដឹងថា លទ្ធផលនៃការស្រាវជ្រាវនេះអាចប្រើប្រាស់បាននៅក្នុងការបង្កើតរូបមន្តជំងឺ ស្វែងរកថ្នាំព្យាបាល ជួយបង្កើនការយល់ដឹងអំពីវិធីដំណើរការ និងវិធីដែលបញ្ញាបង្ហាញវត្តមាន៕