ចាប់ពីម៉ោង00 នាទីថ្ងៃទី15ខែតុលា ឆ្នាំ2017ខាងមុខនេះ ប្រជាជនខ្មែរទាំងអស់នឹងបានទទួលកាដូចំនួនពីរព្រមគ្នាគឺការធ្វើដំណើរឆ្លងកាត់ស្ពានលីយុងផាត់ដោយលែងបង់ប្រាក់ និងការធ្វើដំណើរឡើងកម្សាន្តនៅរមណីយដ្ឋានឋានសួគ៌ភ្នំបូកគោ «ឧទ្យានជាតិព្រះមុនីវង្ស» ដោយពុំចាំបាច់ទិញសំបុត្រចូលឡើយ។
រយៈពេលកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសស្ដីពីការទិញស្ពានលី យុងផាត់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរដល់ប្រជាជនកម្ពុជាឆ្លងកាត់ដោយពុំចាំបាច់បង់ប្រាក់បន្ដទៀត។ ដំណឹងល្អនេះ មិនទាន់បានរំលងផុតពីសេចក្ដីរីករាយរបស់ប្រជាជនកម្ពុជាផង ថ្មីៗនេះនៅក្នុង Page ផ្លូវការរបស់សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានសរសេរដោយបង្ហាញពីដំណឹងល្អមួយទៀតដល់ប្រជាជនកម្ពុជាដែលមានបំណងចង់ទៅកម្សាន្តនៅ រមណីយដ្ឋានឋានសួគ៌ភ្នំបូកគោ «ឧទ្យានជាតិព្រះមុនីវង្ស» ពុំចាំបាច់ចំណាយប្រាក់ទិញសំបុត្រចូលទស្សនាទៀតឡើយ។
ខ្លឹមសារទាំងស្រុងនៃសំណេរនេះបញ្ជាក់ថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល មានសេចក្តីរីករាយ សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុន សុខា អូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមនីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង 00:00 នាទី ថ្ងៃទី15ខែតុលា ឆ្នាំ2017 តទៅ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា ការឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិនេះ នឹងជួយសម្រួលដល់បងប្អូនជនរួមជាតិ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់បានឡើងទៅទស្សនាកម្សាន្ដនៅលើតំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រ ជាពិសេសបានទស្សនាទេសភាពដ៏ស្រស់ត្រកាលនិងសែនមនោរម្យ និងស្វែងយល់អំពីប្រភេទសត្វ និងរុក្ខជាតិដ៏មានតម្លៃ ដែលមាននៅក្នុងតំបន់ឧទ្យានជាតិ។ បងប្អូនជនរួមជាតិ នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរឡើងទៅកាន់តំបន់រមណីយដ្ឋានបូគោ ដើម្បីស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ និងសាសនា ក៏ដូចជាការគោរពប្រតិបត្តិពិធីប្រពៃណីសាសនានៅលើតំបន់ប្រវត្តិសាស្ដ្រនេះ។ លើសពីនេះទៅទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា ដំណោះស្រាយនេះ ក៏នឹងជួយជំរុញឱ្យសកម្មភាពទេសចរណ៍នៅតំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូគោ» ក៏ដូចជានៅរបៀងទេសចរណ៍ភាគខាងត្បូង ជាពិសេសតំបន់ឆ្នេរ មានការកើនឡើងបន្ថែមទៀត សំដៅរួមចំណែកដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ក្នុងមូលដ្ឋាន»៕