តាក់ស៊ីហោះឡើង និងចុះចតត្រង់របស់ក្រុមហ៊ុន Plana Aero អាចដឹកមនុស្សបាន ៧ នាក់ និងហោះហើរក្នុងរង្វង់ ៥០០ គីឡូម៉ែត្រ។
ក្រុមហ៊ុនធុរកិច្ចថ្មីរបស់ កូរ៉េខាងត្បូង Plana Aero បង្ហាញម៉ូដែលតាក់ស៊ីហោះថ្មី ដែលមានសមត្ថភាពហោះឡើង និងចុះចតត្រង់ ហើយហោះរយៈចម្ងាយឆ្ងាយ នេះបើតាម New Atlas ចេញផ្សាយកាលពីថ្ងៃទី ១៣ តុលា។ តាក់ស៊ីហោះនេះត្រូវបានរចនាឡើងដើម្បីអាចដឹកមនុស្សបាន ៧ នាក់ ជាមួយនឹងការហោះហើរចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ និងមានល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រ/ម៉ោង។
យន្តហោះរបស់ Plana Aero ប្រើប្រាស់ប្រព័ន្ធកង្ហារអគ្គិសនីចំនួន ៦ គ្រឿងដែលអាចបង្វិលទិសដៅ បំពាក់នៅលើស្លាបរបស់វា។
នៅពេលយន្តហោះនេះហោះឡើង និងចុះចតដោយត្រង់ កង្ហារ ២ គ្រឿងនៅខាងក្រោយនឹងវិលចុះក្រោម ខណៈដែលកង្ហារដទៃទៀតវិលឡើងទៅលើ។ កង្ហារទាំងអស់នឹងផ្ដេកខ្លួននៅពេលយន្តហោះនេះ ហោះត្រង់ទៅមុខ។
ក្រុមហ៊ុន Plana Aero ទើបតែប្រមូលទុនបានប្រហែល ៨.៣ លានដុល្លារអាម៉េរិក ជួយឱ្យទុនសរុបរបស់ក្រុមហ៊ុននេះឡើងដល់ជិត ១០ លានដុល្លារ។ ខ្ទង់ប្រាក់នេះនឹងគ្រប់គ្រាន់សម្រាប់ការស្រាវជ្រាវ អភិវឌ្ឍតាក់ស៊ីហោះដែលមានទំហំស្មើនឹង ១/២ នៃទំហំពិតរបស់វា។
តាក់ស៊ីហោះរបស់ Plana Aero មានទំហំធំគ្រាន់បើ និងដំណើរការដោយម៉ាស៊ីន hybrid។ ប៉ុន្តែ យន្តហោះនេះនឹងត្រូវបានដាក់ឱ្យដំណើរការយឺតជាងគូប្រជែងនានាបន្តិច។ ក្រុមហ៊ុនជាច្រើនដែលអភិវឌ្ឍយន្តហោះប្រភេទហោះឡើង និងចុះចតត្រង់ កំពុងតែប្រឹងប្រែងឆ្ពោះទៅគោលដៅទទួលបានវិញ្ញាបនបត្រពាណិជ្ជកម្ម និងបម្រើសេវាកម្មនៅឆ្នាំ ២០២៤។ ក្រុមហ៊ុន Plana Aero មានផែនការសាកល្បងការយន្តហោះរបស់ខ្លួននៅឆ្នាំ ២០២៤ និងទទួលវិញ្ញាបនបត្រ ក៏ដូចជាផលិតនៅឆ្នាំ ២០២៨៕