ប្រទេសសិង្ហបុរី (Singapore) ត្រូវបានគេស្គាល់ថា ជាប្រទេសដែលមានភាពល្បីល្បាញមួយលើពិភពលោកផ្នែកវិស័យអប់រំ ហើយប្រជាជនក្នុងប្រទេសដទៃជាច្រើនមានក្តីស្រមៃចង់ក្លាយជាសិស្ស នៃប្រទេសមួយនេះ តែមនុស្សជាច្រើនមិនទាន់បានដឹងនៅឡើយពីមូលហេតុដែលធ្វើឱ្យប្រទេសសិង្ហបុរីត្រូវបានគេចាត់ទុកជាប្រទេសដែលមានប្រព័ន្ធសិក្សាល្អជាប់ចំណាត់ថ្នាក់ខ្ពស់លើពិភពលោក។
យោងតាមគេហទំព័រដ៏ល្បីល្បាញផ្នែកសេដ្ឋកិច្ច Business Insider បានដកស្រង់យកនូវការលើកឡើងរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ថា ជារៀងរាល់ឆ្នាំស្ថាប័នមួយនេះបានចេញនូវរបាយការណ៍ប្រៀបធៀបពីប្រព័ន្ធអប់រំរបស់ខ្លួន ដោយក្នុងនោះប្រទេសសិង្ហបុរីត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលមានប្រព័ន្ធគ្រប់គ្រងសាលាល្អក្នុងចំណោមប្រទេសដែលមានប្រព័ន្ធអប់រំល្អៗទាំង 11 លើពិភពលោក។
ការវាយតម្លៃរបស់វេទិកាសេដ្ឋកិច្ចពិភពលោកនេះ គឺផ្តោតលើចំណុចសំខាន់ៗចំនួន 12 យ៉ាងដែលក្នុងនោះរាប់បញ្ចូលទាំងបរិស្ថាននៃម៉ាក្រូសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខភាព និងការអប់រំកម្រិតបឋម រួមទាំងឥទ្ធិពលនៃទីផ្សារកម្លាំងពលកម្មផងដែរ។
នៅក្នុងរបាយការណ៍នោះបានបញ្ចាក់ថា សិង្ហបុរី ជាប្រទេសដែលមានពិន្ទុខ្ពស់ក្នុងការធ្វើតេស្តកម្មវិធីសម្រាប់សិស្ស ការវាយតម្លៃសិស្សអន្តរជាតិ (PISA= Program for International Student Assessment)។ កម្មវិធីនេះមានគោលបំណងក្នុងការវាស់ស្ទង់ ក៏ដូចជាប្រៀបធៀបសកម្មភាពសិក្សា និងការលូតលាស់របស់សិស្សមកពីប្រទេសផ្សេងៗគ្នាដែរ។
ទន្ទឹមនៃការលូតលាស់ និងរីកចម្រើនលឿនរបស់សិស្សចម្រុះជាតិសាសន៍នោះ ប្រទេសសិង្ហបុរី ក៏ត្រូវបានគេមើលឃើញថា មានប្រព័ន្ធអប់រំមួយដែលបង្កើតសម្ពាធខ្ពស់ផងដែរសម្រាប់សិស្ស ជាពិសេសគឺកម្មវិធីសិក្សា និងលំហាត់ដែលបង្កើតឱ្យមានស្ត្រេសខ្លាំងសម្រាប់សិស្សវ័យក្មេង៕