យីហោរថយន្ត Jeep មានផែនការសម្រេចគោលដៅលក់រថយន្តអគ្គិសនីឱ្យបាន ១០០% នៅចុងទសវត្សរ៍នេះ ក្នុងនោះ រថយន្តអគ្គិសនីដំបូងរបស់ Jeep គឺ Jeep Avenger នឹងត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពរថយន្តប៉ារីស Mondial de L’Automobile នៅសប្ដាហ៍ក្រោយ។
Jeep Avenger ដែលជារថយន្តអគ្គិសនីដំបូងរបស់ Jeep អាចបរបាន ៤០០ គីឡូម៉ែត្រ បន្ទាប់ពីបានបញ្ចូលថាមពលរួច។ Jeep Avenger នឹងត្រូវបានផលិតដោយយោងទៅលើថ្នាល STLA Small។ រថយន្តអគ្គិសនីប្រភេទ SUV ខ្នាតតូចរបស់ Jeep នេះ នឹងមានសមត្ថភាព «មិនរើសសណ្ឋានផ្លូវឡើយ» នេះបើតាម Antonella Bruno មេដឹកនាំរបស់ Jeep អឺរ៉ុប នៃក្រុមហ៊ុន Stellantis។
រថយន្តអគ្គិសនី Jeep Avenger នឹងត្រូវបានផលិតនៅ ប៉ូឡូញ និងមានគម្រោងប្រគល់ដល់ដៃអតិថិជននៅ អឺរ៉ុប នៅដើមឆ្នាំ ២០២៣ មុនពេលបានទៅដល់ដៃអតិថិជននៅ ជប៉ុន និង កូរ៉េខាងត្បូង។ល។
Jeep មានគម្រោងបង្ហាញរថយន្តអគ្គិសនីច្រើនម៉ូដែលបន្ថែមទៀតនៅឆ្នាំ ២០២៥ និងកំណត់គោលដៅថា រថយន្ត Jeep ដែលត្រូវបានលក់នៅ អឺរ៉ុប ចាប់ពីឆ្នាំ ២០៣០ នឹងសុទ្ធតែជារថយន្តអគ្គិសនី។ រថយន្តអគ្គិសនីម៉ូដែលបន្តបន្ទាប់របស់ Jeep រួមមាន Jeep Wagoneer S និង Jeep Recon។