ស្ថាប័ន AMRO ព្យាករថា សេដ្ឋកិច្ចរបស់ កម្ពុជា នឹងមានកំណើន ៥% ក្នុងឆ្នាំនេះ ហើយឈរលំដាប់ទី ៥ នៅក្នុងតំបន់ ASEAN+3 ដោយនៅពីក្រោម ម៉ាឡេស៊ី វៀតណាម ហ្វ៊ីលីពីន និង ឥណ្ឌូណេស៊ី។
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច ASEAN+3 (AMRO) ថ្មីៗនេះបានប្រកាសទិន្នន័យថ្មីសម្រាប់ខែតុលា ២០២២ នៃរបាយការណ៍ស្ដីពី «ទស្សនវិស័យសេដ្ឋកិច្ចតំបន់ ASEAN+3 ឆ្នាំ ២០២២»។
យោងតាមរបាយការណ៍ខាងលើ AMRO ព្យាករថា តំបន់អាស៊ាន (ASEAN) នឹងមានកំណើន ៥.៣% ក្នុងឆ្នាំនេះ ខ្ពស់ជាងការព្យាករកាលពីខែកក្កដា ២០២២ ដែលបានចេញផ្សាយកន្លងមក។
AMRO បានដំឡើងការព្យាករអតិផរណាឆ្នាំ ២០២២ សម្រាប់តំបន់អាស៊ាន ឡើងដល់ ៧.៦% ដោយកើន ១.៤% ធៀបនឹងខែកក្កដា។ សម្រាប់ឆ្នាំ ២០២៣ កំណើនសេដ្ឋកិច្ចនឹងកើនឡើង ៤.៩% ខណៈអតិផរណាត្រូវបាន AMRO ព្យាករថា នឹងស្ថិតក្នុងអត្រា ៤%។
សេដ្ឋកិច្ចរបស់ កម្ពុជា ត្រូវបាន AMRO ព្យាករថា នឹងមានកំណើន ៥% ក្នុងឆ្នាំ ២០២២ ឈរលំដាប់ទី ៥ ក្នុងតំបន់ ASEAN+3 (ASEAN+3 រួមមាន ម៉ាឡេស៊ី វៀតណាម ហ្វ៊ីលីពីន ឥណ្ឌូណេស៊ី កម្ពុជា ឡាវ ចិន ថៃ សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន មីយ៉ានម៉ា និង ព្រុយណេ) ដោយស្ថិតនៅពីក្រោម ម៉ាឡេស៊ី វៀតណាម ហ្វ៊ីលីពីន និង ឥណ្ឌូណេស៊ី៕