ប្រភពព័ត៌មានបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP ដែលនឹងមានសុពលភាពជាផ្លូវការសម្រាប់ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២៩ វិច្ឆិកាខាងមុខ នឹងជួយឱ្យប្រទេសនេះក្លាយជាប្រទេសទី ៩ ដែលបានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។
មុននោះ ម៉ាឡេស៊ី បានប្រកាសជាផ្លូវការអំពីការសម្រេចរួចរាល់ក្នុងការអនុម័តលើ កិច្ចព្រមព្រៀង កិច្ចព្រមព្រៀងទូលំទូលាយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កាលពីថ្ងៃទី ០៥ តុលា ២០២២។
ក្នុងចំណោម ១១ ប្រទេសដែលបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងទូលំទូលាយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ម៉ាឡេស៊ី គឺជាប្រទេសទី ៩ ដែលបានអនុម័តកិច្ចព្រមព្រៀងនេះ ក្រោយដំណើរការអនុម័តរបស់ ៨ ប្រទេសដំបូង ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១ រួមមាន ម៉ិកស៊ិក ជប៉ុន សិង្ហបុរី អូស្ត្រាលី នូវែលសេឡង់ កាណាដា វៀតណាម និង ប៉េរូ។
រដ្ឋាភិបាលម៉ាឡេស៊ី សង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះនឹងជួយឱ្យប្រទេសនេះជំរុញពាណិជ្ជកម្មរបស់ខ្លួន ដោយការចូលទៅកាន់ទីផ្សារដែល ម៉ាឡេស៊ី មិនទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ក្នុងនោះមានដូចជា ប្រទេសកាណាដា ម៉ិកស៊ិក និង ប៉េរូ ជាដើម។ CPTPP ក៏នឹងជួយឱ្យ ម៉ាឡេស៊ី រកបានប្រភពវត្ថុធាតុដើមគុណភាពខ្ពស់ និងតម្លៃទាប ក៏ដូចជាជួយឱ្យប្រទេសនេះក្លាយជាទីទាក់ទាញអ្នកវិនិយោគផងដែរ។
មុននោះ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី (MITI) បានឱ្យដឹងថា កាលពីថ្ងៃទី ៣០ កញ្ញា រដ្ឋាភិបាលប្រទេសនេះបានដាក់ឯកសារអនុម័ត CPTPP ទៅកាន់ ប្រទេសនូវែលសេឡង់ ដែលជាអ្នករក្សាទុកកិច្ចព្រមព្រៀង CPTPP។ លទ្ធផលនៃ «ការវិភាគផលប្រយោជន៍ និងការចំណាយ» របស់ ម៉ាឡេស៊ី បង្ហាញថា ដោយមានកិច្ចព្រមព្រៀង CPTPP ទំហំពាណិជ្ជកម្មសរុបរបស់ ម៉ាឡេស៊ី ត្រូវបានព្យាករថា នឹងកើនឡើងដល់ ៦៥៥.៧ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ ២០៣០៕