ភ្នំពេញ៖ ត្រឹមរយៈពេល 9ខែដើមឆ្នាំ 2017 នេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ការប្រមូលពន្ធដារពីពលរដ្ឋ ដូចជាអាជីវករ និងវិនិយោគិន ម្ចាស់សហគ្រាសក្រុមហ៊ុនផ្សេងៗបានប្រមាណជាជាង 1,500លានដុល្លារអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារឱ្យដឹងថា ចំណូលពន្ធខែកញ្ញា 2017 តាមប្រព័ន្ធ online មានចំនួន 529.92ពាន់លានរៀល ស្មើនឹង 132.48លានដុល្លារ សម្រេចបាន92.65% នៃផែនការ ឯលទ្ធផលប្រចាំត្រីមាសទី3 ឆ្នាំ2017 ធៀបនឹងផែនការឆ្នាំ2017 ចំណូលសរុប 6186.20ប៊ីលានរៀលស្មើនឹង 1,546.55លានដុល្លារ ស្មើនឹង 90.15%នៃផែនការសរុប។
ចំណែករយៈពេល8ខែដើមឆ្នាំ2017 អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានប្រមាណជា 5,657 ពាន់លានរៀល ស្មើនឹងប្រមាណជា 1,414.43លានដុល្លារសហរដ្ឋអាមេរិក ដែលសម្រេចបានប្រមាណជា 82.43% នៃផែនការកំណត់ដោយច្បាប់។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារមានប្រសាសន៍ថា អគ្គនាយកដ្ឋានពន្ធដារបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ2014 – 2018 ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលដែលបានដាក់ចេញ គឺមិនមានការបង្កើតប្រភេទពន្ធថ្មី ឬដំឡើងអត្រាពន្ធទេ ដោយគ្រាន់តែមានតែពង្រឹងលើការគ្រប់គ្រងប្រមូលពន្ធប៉ុណ្ណោះ។
លើសពីនេះ រដ្ឋាភិបាលបានគិតគូរដល់ប្រជាពលរដ្ឋអ្នករកស៊ីតូចតាច តាមរយៈការលុបចោលនូវរបបម៉ៅការ ស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2016 ដែលក្នុងនោះ ប្រជាពលរដ្ឋអាជីវករតូចតាចបែបលក្ខណៈគ្រួសារដូចរៀបរាប់ខាងលើ ហើយមានកម្រិតផលរបរក្រោម 250លានរៀល គឺជាកម្មវត្ថុនៃការលើកលែងពន្ធ និងមិនមានកាតព្វកិច្ចសារពើពន្ធទេ៕