Skip to content

តម្លៃ​ប្រេងឆៅ​ពិភពលោក​ ឡើង​ខ្ពស់​បំផុត​ក្នុង​រង្វង់ ៥ សប្ដាហ៍​

តម្លៃ​ប្រេង Brent ឡើង​ជិត​ដល់ ១០០ ដុល្លារ​ក្នុង​ ១ ធុង​ នៅក្នុង​ការ​ជួញដូរ​កាល​ពី​ព្រឹក​មិញ ដែលនេះ​គឺ​ជា​ការ​ឡើង​ថ្លៃ​បន្ត​បន្ទាប់ ​ក្រោយ​ពី​ OPEC+ សម្រេចកាត់បន្ថយការ​ផលិត​ប្រេង​។

បន្ទាប់​ពី​បាន​បើក​ទ្វារ​ជួញដូរ​នា​ព្រឹក​នេះ ប្រេង​ឆៅ Brent ឡើង​ដល់ ៩៨.៧៥ ដុល្លារ​/ធុងបារ៉ែល ខ្ពស់​បំផុត​រាប់ចាប់​ពី​ថ្ងៃទី ៣០​ សីហា​។ ប្រេង​ឆៅ​របស់ អាម៉េរិក WTI ក៏​បាន​ឡើង​ដល់​ចំណុច​កំពូល​ក្នុង​រង្វង់​ ៥​ សប្ដាហ៍​កន្លង​មក​នេះ​​ ដោយ​ត្រូវ​បាន​ជួញដូរ​ ៩៣.៤៨ ដុល្លារ​/ធុង​។

ប្រេង​ឆៅ​ទាំង​ពីរ​ប្រភេទ​ខាង​លើ​បាន​ឡើង​ថ្លៃ​ក្នុង​ល្បឿន​យ៉ាង​លឿន​នៅក្នុង​ការ​ជួញដូរ​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ក្រោយ​ពី​ក្រុម​ប្រទេស​នាំចេញប្រេង និង​ដៃគូ (OPEC+) បាន​សម្រេច​ចិត្ត​កាត់បន្ថយ​ការ​ផលិត​ប្រេង​​ ២ លាន​ធុង​ក្នុង​ ១ ថ្ងៃ​ ចាប់​ពីខែ​វិច្ឆិកា​ ២០២២​។ ការ​សម្រេច​ចិត្ត​នេះ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ សហភាព​អឺរ៉ុប គ្រោង​នឹង​ហាម​ការ​នាំចូល​ប្រេង​របស់ រុស្ស៊ី ដែល​មាន​សុពលភាព​ចាប់​ពី​ដើម​ធ្នូ​ខាង​មុខ។

ក៏ប៉ុន្តែ មក​ដល់​ថ្ងៃ​ត្រង់​នេះ​ តម្លៃ​ប្រេង​ខាងលើ​បាន​ធ្លាក់​ចុះ​បន្តិច ក្នុង​នោះ ប្រេង​ Brent បច្ចុប្បន្នធ្លាក់​ថ្លៃ​​ ០.៩% ចុះ​មក​នៅ​ត្រឹម​ ៩៧.០៤ ដុល្លារ​/ធុង ខណៈ​ដែល​ WTI ធ្លាក់ថ្លៃ​ ០.៨៤% មក​នៅ​ត្រឹម​ ៩១.៨៦ ដុល្លារ​៕

Leave a Reply

Your email address will not be published. Required fields are marked *