ភ្នំពេញ៖ ដើម្បីភ្ជាប់ទំនាក់ទំនងគ្នាឱ្យកាន់តែល្អប្រសើរ ក្រសួងការបរទេសអាមេរិកបានប្រកាសលើកទឹកចិត្តដល់ពលរដ្ឋខ្មែរឱ្យដាក់ពាក្យស្នើសុំទិដ្ឋាការទៅរស់នៅសហរដ្ឋអាមេរិកជាថ្មីទៀតនៅចុងឆ្នាំ 2017នេះ។
សេចក្តីជូនដំណឹងរបស់ស្ថានទូតអាមេរិកនៅកម្ពុជាបានឱ្យដឹងថា នាយកដ្ឋានគ្រប់គ្រងទិដ្ឋាការ Diversity Visa (DV) របស់ក្រសួងការបរទេសអាមេរិកនឹងផ្តល់ទិដ្ឋាការអន្តោប្រវេសន៍ដល់អ្នកដាក់ពាក្យដែលមានសមត្ថភាពចំនួន 50,000 (ប្រាំម៉ឺន)នាក់ពីប្រទេសដែលជ្រើសរើសជាប្រទេសដែលមានសិទ្ធិទទួលបានជារៀងរាល់ឆ្នាំ។ ការដាក់ពាក្យមិនមានថ្លៃឈ្នួលនោះទេ ប៉ុន្តែត្រូវមានលក្ខណសម្បត្តិគ្រប់គ្រាន់ អ្នកត្រូវតែបំពេញតាមតម្រូវការសាមញ្ញ ប៉ុន្តែតឹងតែងមួយចំនួនដូចជា៖
- អ្នកត្រូវតែបញ្ចប់ថ្នាក់បាក់ឌុប ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- ត្រូវភ្ជាប់រូបថតដែលថតក្នុងរយៈពេល6ខែចុងក្រោយ គិតត្រឹមថ្ងៃដាក់ពាក្យស្នើសុំឆ្នោតDVនេះ
3.ត្រូវបំពេញឈ្មោះ ក្រុមគ្រួសារ (ប្រពន្ឋ និងកូននៅលើពាក្យសុំនោះ)។
ស្ថានទូតអាមេរិកលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ដែលមានបំណងដាក់ពាក្យស្នើសុំ សូមកុំផ្តល់ទិន្នន័យឬព័ត៌មានផ្ទាល់ខ្លួនទៅឱ្យក្រុមហ៊ុនឯកជនទាំងឡាយណាដែលប្រកាសថា ខ្លួនជាភ្នាក់ងារផ្តល់ទិដ្ឋការទៅរស់នៅសហរដ្ឋអាមេរិកនេះឱ្យសោះ។ កម្រៃសេវាកម្មតែមួយគត់នៅក្នុងដំណើរការសុំឆ្នោត DV នេះ ត្រូវបានបង់នៅស្ថានទូតសហរដ្ឋអាមេរិក បន្ទាប់ពីបេក្ខជនត្រូវបានជ្រើសរើសដោយឆ្នោតសម្រាប់ការសម្ភាសយកទិដ្ឋាការច្រើនប្រភេទ។ ក្នុងឆ្នាំ 2017 ថ្លៃសេវាកម្មនេះមានចំនួន 330 ដុល្លារក្នុងម្នាក់។
សូមបញ្ជាក់ផងដែរថា ឆ្នោតDVនេះមិនត្រូវការអ្នកឧបត្ថម្ភនៅសហរដ្ឋអាមេរិកដើម្បីជួយសម្រួល ឬធានាការធ្វើដំណើររបស់អ្នកទេ។ ក្រសួងការបរទេសអាមេរិកជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះអ្នកណាដែលអះអាងថា ខ្លួនជាអ្នកឧបត្ថម្ភដែលត្រូវមាននៅក្នុងដំណើរការនេះ ព្រោះពួកគេអាចធ្វើឱ្យរាំងស្ទះដល់ដំណើរការដាក់ពាក្យសុំទៅរស់នៅអាមេរិករបស់អ្នក។
ព័ត៌មានបន្ថែមសូមចូលទៅក្នុងគេហទំព័រខាងក្រោម៖