គម្រោងប្រើប្រាស់ទូលំទូលាយសៀវភៅសិក្សានៅលើថ្នាលឌីជីថល នឹងត្រូវបានអនុវត្តចាប់ពីឆ្នាំ ២០២៤ ក្នុងសាលាមួយចំនួននៅ ប្រទេសជប៉ុន។
យោងតាមសារព័ត៌មានជប៉ុន Mainichi ដំបូង ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន នឹងប្រើប្រាស់សៀវភៅសិក្សាឌីជីថលចំពោះមុខវិជ្ជាភាសាអង់គ្លេស សម្រាប់សិស្សចាប់ពីថ្នាក់ទី ៥ ដល់អនុវិទ្យាល័យ។ ក្រោយមក សាលានានានឹងប្រើប្រាស់សៀវភៅអេឡិចត្រូនិចនេះសម្រាប់មុខវិជ្ជាផ្សេងៗទៀតយ៉ាងឆាប់ចាប់ពីឆ្នាំ ២០២៥។
ផែនការរបស់ ក្រសួងអប់រំជប៉ុន ត្រូវបានអនុម័តកាលពីថ្ងៃទី ២៥ សីហា ២០២២។ ចាប់ពីពេលនេះដល់ឆ្នាំ ២០២៤ សៀវភៅសិក្សាឌីជីថល នឹងត្រូវបានប្រើប្រាស់ទន្ទឹមគ្នានឹងសៀវភៅសិក្សាបោះពុម្ភលើក្រដាស។
ក្រសួងអប់រំជប៉ុន បានឱ្យដឹងថា ការប្រើប្រាស់សៀវភៅសិក្សាអេឡិចត្រូនិចសម្រាប់មុខវិជ្ជាភាសាអង់គ្លេស ដំបូងគេ គឺក្នុងបំណងទាញយកផលប្រយោជន៍នៃការស្ដាប់ផ្ទាល់ដើម្បីហាត់បញ្ចេញសំឡេង។
ក្នុងឆ្នាំសិក្សា ២០២១ ក្រសួងអប់រំជប៉ុន បានដាក់ឱ្យអនុវត្តគម្រោងសាកល្បងប្រើប្រាស់សៀវភៅសិក្សាប្រភេទឌីជីថលនៅក្នុងសាលាបឋម និងអនុវិទ្យាល័យប្រមាណ ៤០% នៅទូទាំងប្រទេស។ ឧបករណ៍បច្ចេកវិទ្យា «កម្មវិធីសាលា GIGA» ត្រូវបានផ្ដល់ជូនដោយ រាជរដ្ឋាភិបាលជប៉ុន។ ឧបករណ៍ដែលមានរូបរាងដូចទៅនឹងកុំព្យូទ័រឬ ថេប្លេតនេះ ត្រូវបានចែកដល់សិស្សានុសិស្ស។
ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយខាងលើរបស់ ជប៉ុន ក៏នឹងជួបបញ្ហាធំៗមួយចំនួន ក្នុងនោះមានដូចជា គ្រប់សាលាត្រូវតែមានអ៊ីនធើណិត និងការធានាចំពោះសុខភាពភ្នែករបស់សិស្ស៕