អាជ្ញាធរខេត្តគៀនយ៉ាង (Kien Giang-ខេត្តក្រមួនស) បានឯកភាពចំពោះសំណើរបស់ក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍកោះត្រល់ (PHU QUOC TOURISM DEVELOPMENT JOINT STOCK COMPANY) ដែលស្នើ ក្រសួងហិរញ្ញវត្ថុវៀតណាម ពិនិត្យលទ្ធភាពពន្យារការសាកល្បងអនុញ្ញាតឱ្យពលរដ្ឋប្រទេសនេះ ចូលទៅលេងល្បែងនៅតាមបណ្ដាកាស៊ីណូ នៅលើកោះ ហ្វ៊ូក្វុក (Phu Quoc-កោះត្រល់)។
សំណើសុំឱ្យមានការពន្យារពេលរហូតដល់ថ្ងៃទី ០៧ មករា ២០២៥ របស់ក្រុមហ៊ុនខាងលើ ដែល អាជ្ញាធរខេត្តគៀងយ៉ាងឯកភាពដើម្បីបញ្ជូនទៅថ្នាក់លើនេះ ត្រូវបានបញ្ជាក់ថា គឺក្នុងបំណងវាយតម្លៃឱ្យបានត្រឹមត្រូវបំផុតលើប្រសិទ្ធភាពរបស់គម្រោងដែលមាន បណ្ដុំអេកូទេសចរណ៍ ទេសចរណ៍កំសាន្ត សណ្ឋាគារ ពាណិជ្ជកម្ម សេវាកម្ម ការដឹកជញ្ជូនទំនិញ ខុនដូសម្រាកលំហែកាយ មជ្ឈមណ្ឌលសន្និបាត ក៏ដូចជាកម្មវិធីសាកល្បងអនុញ្ញាតឱ្យជនជាតិវៀតណាម ចូលលេងល្បែងនៅកាស៊ីណូលើកោះនេះ។
គម្រោងរបស់ក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍកោះត្រល់ ត្រូវបាន នាយករដ្ឋមន្ត្រីវៀតណាម អនុម័តកាលពីឆ្នាំ ២០១៨ ដោយមានទុនសរុប ៥០ ទ្រីលានដុង (ជាង ២ ពាន់លានដុល្លារអាម៉េរិក)។ បច្ចុប្បន្ន គម្រោងដែលបានបើកដំណើរការពាណិជ្ជកម្មចាប់ពីឆ្នាំ ២០១៩ មកនេះ បាននាំមកនូវផលវិជ្ជមានដល់សេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋាន ក្នុងនោះ កាស៊ីណូនានាបានបង្កើតការងារជាង ១ ពាន់កន្លែង ប្រមូលពន្ធជូនរដ្ឋបាន ១.៧ ទ្រីលានដុង និងទាក់ទាញទេសចរបានជិត ២.៥ សែននាក់ ក្នុងរយៈពេល ៣ ឆ្នាំកន្លង នេះបើតាមអាជ្ញាធរខេត្តគៀងយ៉ាង។
អាជ្ញាធរខេត្តគៀងយ៉ាង បានបញ្ជាក់ថា សកម្មភាព និងការសាកល្បងអនុញ្ញាតឱ្យជនជាតិវៀតណាម ចូលលេងល្បែងក្នុងកាស៊ីណូនៅ កោះត្រល់ ក្នុងអំឡុង ៣ ឆ្នាំមកនេះ គឺប្រព្រឹតទៅដោយត្រឹមត្រូវទៅតាមការកំណត់របស់ រដ្ឋាភិបាលវៀតណាម៕