ក្រុមហ៊ុនស្ថាបត្យកម្ម URB របស់ អេមីរ៉ាតអារ៉ាប់រួម (UAE) បានបង្ហាញអំពីគំនិតស្ដីពីទីក្រុងនិរន្តរភាពមានរូបរាងដូចផ្កា ដែលអាចត្រូវបានកសាងឡើងជាពិសេសសម្រាប់អ្នកថ្មើរជើង។
ត្រូវបានដាក់ឈ្មោះថា XZERO ទីក្រុងធម្មជាតិនេះគឺជាផ្នែកមួយនៃគោលដៅអភិវឌ្ឍចីរភាព និងមានចក្ខុវិស័យដល់ឆ្នាំ ២០៣៥ របស់ ប្រទេសកូវ៉ែត ដែលគ្រោងនឹងដាក់ទីតាំងនៅភាគខាងត្បូងប្រទេស។
ទីក្រុងនេះមានរូបរាងដូចទៅនឹងផ្កាយមួយទង ដែលចំណុចកណ្ដាលគឺជាមជ្ឈមណ្ឌលសុខាភិបាល អប់រំ កំសាន្ត ពាណិជ្ជកម្ម និងការិយាល័យ។ ខាងក្នុងទីក្រុងនេះនឹងមានផ្ទះស្នាក់នៅ ៣០,០០០ ខ្នង ស្ថិតនៅលើផ្ទៃដី ១,៦០០ ហិកតា និងបង្កើតការងារប្រមាណ ៣០,០០០ កន្លែង។
ដោយមានការរចនាក្នុងបំណងកាត់បន្ថយរថយន្តចេញចូល និងមានផ្លូវសម្រាប់ថ្មើរជើងធំទូលាយ និងគ្របដណ្ដប់ដោយម្លប់ដើមឈើ XZERO ត្រូវបាន URB អះអាងថា នឹងជា «ទីក្រុងដែលងាយស្រួលដើរដោយថ្មើរជើងបំផុតក្នុងពិភពលោក» នាពេលអនាគត។ បណ្ដាញផ្លូវថ្មើរជើងនេះនឹងតភ្ជាប់ជាមួយបណ្ដាញមធ្យោបាយដឹកជញ្ជូនដែលមិនបំភាយឧស្ម័នដូចជា កង់ និងរថយន្តអគ្គិសនីជាដើម ដែលជួយឱ្យប្រជាជនអាចធ្វើដំណើរទៅកាន់គ្រប់កន្លែងនៅក្នុងទីក្រុង។
XZERO អាចផ្គត់ផ្គង់ស្បៀងអាហារដោយខ្លួនឯង និងធានាសន្តិសុខថាមពល ទន្ទឹមនឹងការជំរុញសេដ្ឋកិច្ច «គ្មានកាបូន» ដែលល្អសម្រាប់បរិស្ថាន។ គ្រប់ហេដ្ឋារចនាសម្ព័ន្ធ សុទ្ធតែប្រើប្រាស់ថាមពលស្អាត ១០០% និងកែច្នៃទឹកប្រកបដោយប្រសិទ្ធភាពដោយប្រើប្រព័ន្ធទឹកឆ្លាតវៃ។
គ្រឹះសំខាន់ដើម្បីបង្កើតទីក្រុងដ៏គួរឱ្យចង់រស់នៅនេះគឺធម្មជាតិដែលមានសមត្ថភាពអាចល្អប្រសើរឡើងវិញដោយឯកឯង ដែលត្រូវបានរចនាឡើងដើម្បីជួយឱ្យសុខភាពល្អ សុភមង្គល និងជីវសាស្ត្រប្រកបដោយភាពសម្បូរបែប។ ផ្ទៃដីជាង ៦៥% របស់ទីក្រុងនេះ នឹងត្រូវបានទុកសម្រាប់ធ្វើជាទីសាធារណៈបើកចំហ ដែលអាចឱ្យទឹកភ្លៀងជ្រាបចូលទៅក្នុងដី។
នាយកប្រតិបត្តិរបស់ URB លោក Baharash Bagherian បានថ្លែងថា «ទីក្រុង XZERO គឺជារូបមន្តថ្មីស្ដីពីជីវភាពទីក្រុងបៃតង និងជារូបមន្តស្ដង់ដាសម្រាប់មនុស្សជំនាន់ក្រោយ»។
«ការបង្កើតទីក្រុងប្រកបដោយនិរន្តរភាពទៅតាមស្ដង់ដាជីវភាពខ្ពស់បំផុត និងមានផលប៉ះពាល់ដល់បរិស្ថានកម្រិតទាបបំផុត លែងនៅជាជម្រើសមួយទៀតហើយ ប៉ុន្តែ វាបានក្លាយជាប្រការដ៏ចាំបាច់។ XZERO ត្រូវបានដាក់ផែនការដែលមានដំណោះស្រាយពេញលេញ ពហុមុខងារ ដោះស្រាយបញ្ហាធំៗចំនួន ៣ នៃនិរន្តរភាព គឺ សង្គម សេដ្ឋកិច្ច និងបរិស្ថាន» លោក Bagherian បញ្ជាក់ដូច្នេះ៕