កាលពីថ្ងៃទី ០៤ តុលា ទេសាភិបាលធនាគារជាតិថៃ (BOT) Sethaput Suthiwartnarueput បានឱ្យដឹងថា ការងើបឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ នឹងមិនទទួលរងផលប៉ះពាល់ដោយសារអស្ថិរភាពរបស់សេដ្ឋកិច្ចសកល។
ថ្លែងនៅក្នុងសន្និបាតមួយស្ដីពីសេដ្ឋកិច្ចកាលពីពេលថ្មីៗនេះ ទេសាភិបាលធនាគារជាតិថៃ លោក Sethaput ឱ្យដឹងថា ខឿនសេដ្ឋកិច្ចរបស់ ប្រទេសថៃ ត្រូវបានព្យាករថា នឹងមានកំណើន ៣.៣% ក្នុងឆ្នាំនេះ និង ៣.៨% ក្នុងឆ្នាំក្រោយ ដោយសារតែលទ្ធភាពទិញ និងវិស័យទេសចរណ៍ត្រូវបានកែលំអ។
BOT ជឿថា ចំនួនភ្ញៀវបរទេសមកទស្សនាប្រទេសថៃ នឹងឡើងដល់ ៩.៥ លាននាក់នៅក្នុងឆ្នាំនេះ និង ២១ លាននាក់នៅឆ្នាំក្រោយ ដែលតួលេខនេះច្រើនជាងឆ្ងាយធៀបនឹងជាង ៤ សែននាក់ក្នុងឆ្នាំ ២០២១ ប៉ុន្តែ នៅទាបជាងឆ្ងាយ បើធៀបនឹងជិត ៤០ លាននាក់នៅក្នុងឆ្នាំ ២០១៩ មុនពេលកូវីដផ្ទុះឡើង។
ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ប្រទេសថៃ បានទទួលភ្ញៀវជាង ៤.៣៨ លាននាក់ នេះបើតាម ក្រសួងទេសចរណ៍ និងកីឡាថៃ៕