អ្នកមានជាងគេក្នុងពិភពលោក ជាថ្មីម្ដងទៀត បានប្ដូរផ្លាស់គំនិតរបស់ខ្លួន ដោយសុំទិញ Twitter ក្នុងតម្លៃដូចដំបូងគឺ ៥៤.២ ដុល្លារ ក្នុង ១ ភាគហ៊ុន។
យោងតាមឯកសារដែលដាក់ឡើងទៅកាន់គណៈកម្មការមូលបត្រអាម៉េរិក (SEC) កាលពីថ្ងៃទី ០៤ តុលា លោក អ៊ីឡុន ម៉ាស បានលើកសំណើបន្តទិញ Twitter កាលពីថ្ងៃទី ០៣ តុលា។ ភាគហ៊ុនរបស់ Twitter កាលពីម្សិលមិញ បានឡើងថ្លៃ ២២% បន្ទាប់ពីមានព័ត៌មានខាងលើនេះ។
បណ្ដាញសង្គម Twitter ក៏បានប្រកាសថា បានទទួលសំណើរបស់លោក ម៉ាស រួចហើយ។ «គោលបំណងរបស់ក្រុមហ៊ុនគឺបង្ហើយការទិញដូរនេះក្នុងតម្លៃ ៥៤.២ ដុល្លារ/ហ៊ុន» Twitter ឱ្យដឹងដូច្នេះ។
យោងតាម CNBC កិច្ចព្រមព្រៀងអាចនឹងសម្រេចបានយ៉ាងឆាប់គឺនៅថ្ងៃសុក្រសប្ដាហ៍នេះ។ នៅក្នុងឯកសារដែលបានបញ្ជូនឡើងទៅកាន់ SEC លោក ម៉ាស និយាយថា លោកចង់បន្តដំណើរការទិញដូរ Twitter ដែលត្រូវបានភាគីទាំងពីរឯកភាពគ្នាកាលពីថ្ងៃទី ២៥ មេសា ២០២២។
លោក ម៉ាស កាលពីខែកក្កដា បានប្រកាសថា លែងចង់ទិញ Twitter ដោយចោទថា បណ្ដាញសង្គមនេះរំលោភលើលក្ខខណ្ឌជាច្រើនស្ដីពីកិច្ចព្រមព្រៀងច្របាច់បញ្ចូលគ្នា។ មេធាវីរបស់លោក ម៉ាស អះអាងក្នុងឯកសារថា Twitter មិនអាចធ្វើបាន ឬបដិសេធការឆ្លើយតបទៅនឹងការស្នើឱ្យផ្ដល់ព័ត៌មានស្ដីពីគណនីក្លែងក្លាយនៅលើបណ្ដាញសង្គមនេះ។ នេះគឺជាប្រការសំខាន់ចំពោះសកម្មភាពជំនួញរបស់ក្រុមហ៊ុននេះ។
លោក ម៉ាស ក៏បានឱ្យដឹងថា បានលុបចោលការទិញដូរបណ្ដាញសង្គមនេះ ដោយសារថា Twitter បានបញ្ឈប់ការងាររបស់មេដឹកនាំជាន់ខ្ពស់ និងបុគ្គលិកឆ្នើមជាច្រើនរូប។
Twitter បានច្រានចោលការចោទប្រកាន់ខាងលើ ហើយក្រោយមកក៏បានដាក់ពាក្យប្ដឹងលោក ម៉ាស បង្ខំឱ្យមហាសេដ្ឋីរូបនេះបង្ហើយកិច្ចការជួញដូរតាមការព្រមព្រៀង។
ភាគីទាំងពីរគ្រោងនឹងឡើងតុលាការរដ្ឋ Delaware នៅថ្ងៃទី ១៧ តុលាខាងមុខ។ Bloomberg ឱ្យដឹងថា ក្រុមអ្នកច្បាប់របស់លោក ម៉ាស យល់ឃើញថា រឿងក្ដីនេះនឹងកាន់តែពិបាកដោះស្រាយ ដោយសារចៅក្រមបានគាំទ្រ Twitter ជាបន្តបន្ទាប់។ កាលពីខែកក្កដា ក្រុមអ្នកវិភាគក៏បានអះអាងថា អ៊ីឡុន ម៉ាស អាចចាញ់ក្ដី៕