រោងចក្រផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ Kela និងរោងចក្រវារីអគ្គិសនី Lianghekou នឹងដំណើរការភ្ជាប់ជាមួយគ្នាដើម្បីផ្គត់ផ្គង់អគ្គិសនី ២ ពាន់លានគីឡូវ៉ាត់ម៉ោង នៅពេលស្ថាបនារួចរាល់នាឆ្នាំក្រោយ។
រោងចក្រអគ្គិសនីពន្លឺព្រះអាទិត្យ Kela នឹងត្រូវបានសាងសង់នៅក្នុងខេត្ត Sichuan ភាគនិរតីនៃ ប្រទេសចិន ក្បែររោងចក្រវារីអគ្គិសនី Lianghekou ស្ថិតនៅលើទន្លេ Yalong Jiang ដែលមានកម្លាំងផលិតអគ្គិសនីឡើងដល់ ១ លានគីឡូវ៉ាត់។ ផ្ទាំងសូឡារទាំងឡាយនឹងត្រូវបានដំឡើងនៅលើភ្នំកម្ពស់ ៤,៦០០ ម៉ែត្រ ផ្ដល់ថាមពលអគ្គិសនីបន្ថែម ១ លានគីឡូវ៉ាតទៀតដល់បណ្ដុំរោងចក្រនេះ។
តាមផែនការ គម្រោងខ្នាតយក្សខាងលើនេះនឹងដំណើរការ ១,៧35 ម៉ោង/ឆ្នាំ និងបង្កើតអគ្គិសនីជាមធ្យមប្រចាំឆ្នាំបាន ២ ពាន់លានគីឡូវ៉ាត់ម៉ោង បន្ទាប់ពីសាងសង់រួចរាល់នៅឆ្នាំ ២០២៣ នេះបើតាម CGTN ចេញផ្សាយកាលពីថ្ងៃទី ០១ តុលា។
លោក Qi Ningchun ប្រធានក្រុមហ៊ុនអភិវឌ្ឍវារីអគ្គិសនីទន្លេ Yalong Jiang ដែលជាអ្នកអនុវត្តគម្រោងខាងលើឱ្យដឹងថា ប្រទេសចិន កំពុងតែជំរុញការប្រើប្រាស់ថាមពលស្អាត ឬហៅថា ថាមពលកកើតឡើងវិញ នៅពេលឆ្ពោះទៅរកគោលដៅមិនបំភាយឧស្ម័នកាបូននៅមុនឆ្នាំ ២០៦០។ រោងចក្រ Kela នឹងរួមចំណែកកាត់បន្ថយឧស្ម័នកាបូនជាង ១.៦ លានតោន (ស្មើនឹងការដុតធ្យូងថ្ម ៦០០,០០០ តោន)។
លោក Qi Ningchun បន្ថែមថា រោងចក្រអគ្គិសនីពន្លឺព្រះអាទិត្យ Kela នឹងក្លាយជាប្រភពអគ្គិសនីជំនួយសម្រាប់រោងចក្រវារីអគ្គិសនី Lianghekou នៅពេលកម្លាំងរបស់រោងចក្រទាំងពីរប្រែប្រួលទៅតាមលក្ខខណ្ឌនៃពេលវេលាក្នុងឆ្នាំ។
រោងចក្រ Kela នឹងបង្កើតការងារបន្ថែមប្រមាណជាង ៣,០០០ កន្លែងសម្រាប់ប្រជាជនក្នុងខេត្ត Sichuan។ ដើម្បីជួយឱ្យប្រជាកសិករនៅតែអាចចិញ្ចឹមសត្វគោ និងពពែដោយការព្រលែង រោងចក្រ Kela បានដំឡើងផ្ទាំងសូឡារឱ្យដល់កម្ពស់ ១.៨ ម៉ែត្រ ធៀបនឹងស្មៅធម្មជាតិ៕