បន្ទាប់ពីរាជរដ្ឋាភិបាល បានបញ្ឈប់ទាំងស្រុងទៅលើការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឱ្យក្រុមហ៊ុនវិនិយោគ បានធ្វើឱ្យកម្ពុជាទួលបានចំណូលកាន់តែច្រើនពីវិស័យអេកូទេសចរណ៍។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី5នេះ បានបញ្ឈប់ទាំងស្រុងការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឱ្យក្រុមហ៊ុនវិនិយោគ។ គោលនយោបាយនេះបានកាត់បន្ថយកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋទទួលបានកំណើនជីវភាពប្រសើរជាងមុនតាមរយៈការពង្រឹងផលិតភាពអាជីវកម្មរបស់ខ្លួន និងចំណូលពីការអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ សំដៅឆ្លើយតបទៅនឹងគោលការណ៍អភិរក្សដើម្បីអភិវឌ្ឍន៍-អភិវឌ្ឍន៍ដើម្បីអភិរក្ស។
ក្រសួងបរិស្ថានសម្រេចជោគជ័យលើកំណែទម្រង់វិស័យបរិស្ថាន និងធនធានធម្មជាតិ ជាលទ្ឋផលតំបន់ការពារធម្មជាតិមានរហូតដល់ 45តំបន់នៅឆ្នាំ2016 ត្រូវបានកើនឡើងដល់ 49តំបន់ នៅឆ្នាំ2017 និងមានផ្ទៃក្រឡាជាង7.5 លានហិកតា ស្មើនឹង41% នៃផ្ទៃដីប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន ក៏បានបង្កើតរបៀបអភិរក្សជីវៈចម្រុះប្រព័ន្ឋតំបន់ការពារធម្មជាតិ ក្នុងគោលបំណងតភ្ជាប់តំបន់ការពារធម្មជាតិទាំងឡាយ ដើម្បីធានាទំនាក់ទំនងចលនាផ្លាស់ទីជីវៈចម្រុះក្នុងព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា តំបន់ការពារធម្មជាតិចែកចេញជា 8ប្រភេទ តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រាមសារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល តំបន់បេតិកភ័ណ្ឌធម្មជាតិ តំបន់ឧទ្យានជាតិសមុទ្រ។ បច្ចុប្បន្នវិស័យអេកូទេសចរណ៍មានកើតឡើងរង្វង់20% គ្រាដែលវិស័យទេសចរណ៍វប្បធម៌កើនឡើងរង្វង់8%។
ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បញ្ជាក់ថា៖ «សព្វថ្ងៃបើគ្មានសកម្មភាពទេសចរណ៍នៅ (តំបន់អេកូទេសចរណ៍) ប្រជាជនបានចំណូលពីព្រៃឈើតាមរយៈបោចវល្លិ ៍(អនុផល) ប៉ុន្ដែជួនកាលពួកគាត់អាចទៅហួសពីការបោចវល្លិ៍ ឈានទៅដល់ការកាប់ព្រៃឈើ និងបាញ់សត្វ ដូច្នេះយើងអត់ចង់ឱ្យប្រជាជនធ្វើសកម្មភាពបែបនេះទេ គឺគេត្រូវទុកព្រៃឈើ ទុកសត្វឱ្យភ្ញៀវទេសចរមើល ព្រោះនៅពេលភ្ញៀវទេសចរទៅដល់ ការចំណាយរបស់ពួកគាត់ នឹងបានចូលទៅដល់ដៃរបស់ប្រជាជនរស់នៅក្នុងសហគមន៍»៕