នាវាទេសចរណ៍ប្រភេទប្រណិត Le Laperouse របស់ បារាំង ដឹកក្រុមអ្នកទេសរណ៍អន្តរជាតិជិត ១០០ នាក់ ទើបតែបានចូលចតនៅកំពង់ផែសាយហ្គន។ នេះគឺក្រុមទេសចរបរទេសដំបូងដែលបានមកដល់ ទីក្រុងហូជីមិញ (អតីតទីក្រុងព្រៃនគរ) តាមនាវាទេសចរណ៍ ក្រោយរយៈពេល ៣ ឆ្នាំដែលត្រូវរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតសកលកូវីដ-១៩។
កាលពីថ្ងៃទី ០២ តុលា ក្រុមហ៊ុនឯកជន សហការជាមួយអាជ្ញាធរក្រុងហូជីមិញ បានចេញទៅទទួលក្រុមទេសចរអន្តរជាតិដែលធ្វើដំណើរតាមនាវាទេសចរណ៍ ជាលើកដំបូង រាប់ចាប់តាំងពីក្រោយវិបត្តិកូវីដ-១៩ នេះបើយោងតាម នាយកដ្ឋានទេសចរណ៍ក្រុងហូជីមិញ។
នាយកដ្ឋានខាងលើបានឱ្យដឹងថា ចាប់ពីពេលនេះរហូតដល់ខែមករាឆ្នាំក្រោយ វៀតណាម នឹងអាចបន្តទទួលនាវាទេសចរណ៍ធំៗមួយចំនួនទៀត ហើយទីផ្សារទេសចរណ៍នឹងងើបឡើងវិញជាបណ្ដើរៗក្រោយខែមករា។
នាវាទេសចរណ៍ Le Laperouse និងភ្ញៀវទេសចរណ៍នឹងស្នាក់នៅ ដើរទស្សនាក្នុង ទីក្រុងហូជីមិញ រយៈពេល ៣ ថ្ងៃ មុនពេលធ្វើដំណើរទៅកាន់តំបន់ដទៃទៀតរបស់ប្រទេសវៀតណាម៕