ប្រភពព័ត៌មានពី OPEC+ បានឱ្យដឹងថា ស្ថាប័ននេះកំពុងតែពិនិត្យលទ្ធភាពកាត់បន្ថយបរិមាណប្រេងឱ្យបានជាង ១ លានធុង/ថ្ងៃ ដែលចាប់ផ្ដើមពីសប្ដាហ៍ក្រោយ ដែលនេះត្រូវបានធ្វើឡើងក្នុងបំណងកែប្រែតម្លៃប្រេងឆៅនៅក្នុងទីផ្សារដែលកំពុងធ្លាក់ថ្លៃខ្លាំង។
យោងតាម CNBC កិច្ចប្រជុំនាពេលខាងមុខរបស់ OPEC+ (ក្រុមប្រទេសនាំចេញប្រេងរ៉ែ និងដៃគូសហការ) នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ០៥ តុលាខាងមុខ ក្រោយពីតម្លៃប្រេងពិភពលោកបាន និងកំពុងធ្លាក់ថ្លៃខ្លាំង ដោយសារកត្តាជាច្រើន មានដូចជា ការងាកទៅរកថាមពលកកើតឡើងវិញរបស់ពិភពលោក ការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចសកលជាដើម។
បើសិនជាសំណើកាត់បន្ថយប្រេង ១ លានធុង/ថ្ងៃ ត្រូវបានអនុម័ត វានឹងមានន័យថា បរិមាណប្រេង ១% នៅទូទាំងពិភពលោក នឹងត្រូវបានកាត់ចេញពីបណ្ដាញផលិតប្រេងទាំងមូល។ ក្រោយកូវីដ-១៩ នេះនឹងជាការកាត់បន្ថយបរិមាណប្រេងធំបំផុតរបស់ OPEC+។ ក្នុងឆ្នាំ ២០២០ អង្គការនេះធ្លាប់បានកាត់បន្ថយបរិមាណប្រេងឆៅប្រហែល ១០ លាន ធុង/ថ្ងៃ។
យោងតាម Reuters ក្រុមអ្នកវិភាគ និងអ្នកតាមដាន OPEC មានដូចជា UBS និង JPMorgan ជាដើម បានឱ្យដឹងថា បរិមាណប្រេងដែលកំពុងត្រូវបានពិចារណាកាត់បន្ថយនេះគឺជាកម្រិតសមស្រប ក្នុងការទប់ស្កាត់ការធ្លាក់ថ្លៃខ្លាំងរបស់ប្រេងពិភពលោក។
បន្ទាប់ពីមានដំណឹងថា OPEC+ នឹងពិចារណាកាត់បន្ថយបរិមាណប្រេង តម្លៃប្រេងឆៅនៅលើពិភពលោកក៏បានឡើងថ្លៃប្រហែល ៣% ភ្លាមៗ នៅក្នុងការជួញដូរនៅ អាស៊ី នាថ្ងៃទី ០៣ តុលានេះ។ ប្រេងឆៅ Brent ប្រគល់តាមកាលកំណត់បានឡើងថ្លៃ ២.៨២ ដុល្លារអាម៉េរិក ឬស្មើនឹង ៣.៣% ដោយត្រូវបានជួញដូរក្នុងតម្លៃ ៨៧.៩៦ ដុល្លារ/ធុង។ ចំណែកប្រេងឆៅ West Texas Intermediate (WTI) ត្រូវបានជួញដូរក្នុងតម្លៃ ៨២.០៩ ដុល្លារ/ធុង ពោលគឺឡើងថ្លៃ ២.៦០ ដុល្លារ ឬស្មើនឹង ៣.៣% បន្ទាប់ពីធ្លាក់ថ្លៃ ២.១% ក្នុងការជួញដូរមុននោះ៕