Tesla កំពុងតែបន្តរីកចម្រើនក្នុងល្បឿនយ៉ាងលឿន ខណៈដែលក្រុមហ៊ុននេះកំពុងកំណត់គោលដៅក្លាយជាយីហៅគុណភាពលេខ ១ ក្នុងពិភពលោក។ ប្រការនេះមានន័យថា Tesla នឹងដណ្ដើមយកតំណែងរបស់ BMW។
ក្រុមអ្នកវិភាគយល់ថា ដោយសំអាងលើរោងចក្រខ្នាតយក្សទាំងពីរ គឺ Giga Texas នៅ សហរដ្ឋអាម៉េរិក និង Giga Berlin នៅ អាល្លឺម៉ង់ ក្រុមហ៊ុន Tesla នឹងសម្រេចផែនការយកឈ្នះលើ BMW និង Mercedes នៅឆ្នាំ ២០២៣។
យោងតាម Reuters ក្រុមហ៊ុន Tesla ជឿថា ពួកគេនឹងផលិតរថយន្តអគ្គិសនី Model 3 និង Model Y ចំនួន ៤៩៥,០០០ គ្រឿង នៅក្នុងត្រីមាសទី ៤ ឆ្នាំនេះ។ ចំណែកក្នុងត្រីមាសទី ៣ Tesla បានប្រគល់ជូនអតិថិជនចំនួន ៣៤៣,៨៣០ គ្រឿង។ ក្រុមអ្នកវិភាគសង្ឃឹមថា Tesla នឹងផ្គត់ផ្គង់ដល់ទីផ្សារសរុបប្រហែល ១.៤ លានគ្រឿងនៅក្នុងឆ្នាំនេះ។
ការពង្រីករោងចក្រ Giga Shanghai និង Fremont របស់ Tesla ក៏នឹងធានាដល់បរិមាណរថយន្តមានការកើនឡើងជាបន្តបន្ទាប់ បើទោះជាបញ្ហាទាក់ទិននឹងបណ្ដាញផ្គត់ផ្គង់កំពុងកើតមាននៅក្នុងវិស័យរថយន្ត។
អ្នកវិភាគជាច្រើនជឿថា Tesla នឹងផ្គត់ផ្គង់រថយន្តអគ្គិសនី ២ លានគ្រឿងក្នុងឆ្នាំក្រោយ។ នៅក្នុងឆ្នាំនោះ Tesla នឹងក្លាយជាការគំរាមកំហែងពិតប្រាកដចំពោះ Mercedes និង BMW ជាក្រុមហ៊ុនផលិតរថយន្តដែលលក់បាន ២.១ លានគ្រឿង និង ២.៥ លានគ្រឿងក្នុងឆ្នាំកន្លង។
បើសិនជា Tesla អាចយកឈ្នះលើក្រុមហ៊ុនទាំងនេះ Tesla នឹងក្លាយជាអ្នកផលិតរថយន្តលំដាប់គុណភាពខ្ពស់បំផុតក្នុងពិភពលោក៕