ម៉ូដែលស្រឡាងហោះអគ្គិសនីដែលមិនបំភាយឧស្ម័ននេះនឹងដឹកអ្នកដំណើរលើផ្ទៃទឹកនៅក្នុងបណ្ដាទីក្រុងដែលមានការកកស្ទះចរាចរណ៍ខ្លាំង និងក្នុងល្បឿន ៦៩ គីឡូម៉ែត្រ/ម៉ោង។
ក្រុមហ៊ុន Artemis Technologies បានបង្ហាញមធ្យោបាយដឹកជញ្ជូន EF-24 ដំណើរការដោយថាមពលអគ្គិសនី ១០០%។ EF-24 គឺជាមធ្យោបាយធ្វើដំណើរមួយក្នុងចំណោមកប៉ាល់មិនបំភាយឧស្ម័នដែលត្រូវបានផលិតដោយក្រុមហ៊ុន Artemis Technologies ដែលមានទីស្នាក់ការកណ្ដាលនៅ Belfast អៀរឡង់ខាងជើង នេះបើតាម Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី ០១ តុលា។
EF-24 ដែលមានបណ្ដោយ ២៤ ម៉ែត្រ «ហោះ» លើផ្ទៃទឹកដោយប្រើប្រាស់បច្ចេកវិទ្យារុញដោយថាមពលអគ្គិសនី ជួយកាត់បន្ថយការកកិតជាមួយនឹងរលកទឹក ផ្ដល់ផាសុកភាពដល់អ្នកដំណើរ ១៥០ នាក់។ ស្រឡាងនេះនឹងផ្លាស់ទីដោយស្លាបនៅខាងក្រោមទឹក ដែលលើកដងខ្លួនស្រឡាងផុតពីផ្ទៃទឹក ដូចទៅនឹងពេលយន្តហោះរៀបនឹងហោះឡើង នៅក្នុងល្បឿនអតិបរមា ៦៩ គីឡូម៉ែត្រ/ម៉ោង។
ស្រឡាង EF-24 ដែលជាលទ្ធផលនៃកិច្ចសហការរវាង Artemis Technologies និងសាកលវិទ្យាល័យ Queen Belfast នេះ ប្រើប្រាស់បច្ចេកវិទ្យាពិសេស ធានាសុវត្ថិភាពនៅពេលធ្វើដំណើរ ដោយមិនឱ្យប៉ះទង្គិចជាមួយនឹងមច្ឆាជាតិ និងវត្ថុនានានៅក្នុងទឹក។
«ស្រឡាងដឹកអ្នកដំណើរល្បឿនលឿនរបស់យើង នាំមកនូវដំណោះស្រាយផ្នែកចរាចរណ៍សាធារណៈប្រកបដោយការសន្សំសំច័យ ជួយកាត់បន្ថយការបំពុលបរិស្ថាន ការកកស្ទះចរាចរណ៍ និងសំឡេងរំខាន» បណ្ឌិត Iain Percy OBE ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Artemis Technologies ឱ្យដឹងដូច្នេះ។
EF-24 នឹងត្រូវបានដាក់ឱ្យដំណើរការដឹកអ្នកដំណើររវាង Belfast និង Bangor នៅ អៀរឡង់ខាងជើង ដែលប្រើពេល ២៥ នាទី។ កម្មវិធីសាកល្បងគ្រោងនឹងចាប់ផ្ដើមពីឆ្នាំ ២០២៤ ដោយ Artemis Technologies សហការជាមួយ Condor Ferries៕