រដ្ឋាភិបាលកូរ៉េខាងត្បូង ទើបតែបានសម្រេចសាងសង់រោងចក្រចំនួន ២ បន្ថែមទៀត ដើម្បីរក្សាទុកស្ពៃបូកគោ ដែលមានតម្លៃ ៤០ លានដុល្លារអាម៉េរិក ក្នុងគ្រាដែលបណ្ដាក្រុមហ៊ុនផលិតជ្រក់គីមជីនៅប្រទេសនេះ ជួបបញ្ហាកង្វះប្រភពផ្គត់ផ្គង់។
សារព័ត៌មាន Reuters បានឱ្យដឹងថា រោងចក្ររក្សាស្ពៃបូកគោនីមួយៗ មានទំហំ ៩,៩០០ ម៉ែត្រក្រឡា នឹងត្រូវបានសាងសង់នៅតំបន់ជនបទក្នុងទឹកដី Goesan និង Haenam។ ទំហំសរុបរបស់រោងចក្រទាំងពីរនេះគឺប្រហាក់ប្រហែលនឹងទីលានបាល់ទាត់ចំនួន ៣ និងអាចរក្សាទុកស្ពៃបូកគោបានរហូតដល់ ១០,០០០ តោន និងជ្រក់ស្ពៃបូគោបាន ៥០ តោនជារៀងរាល់ថ្ងៃ។
គម្រោងរោងចក្រទាំងខាងលើដែលគ្រោងនឹងត្រូវចំណាយប្រហែល ៥៨ ពាន់លានវ៉ុន (៤០ លានដុល្លារអាម៉េរិក) នេះ នឹងត្រូវបានសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ ២០២៥។
ស្ថានភាពអាកាសធាតុប្រែប្រួលក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានបណ្ដាលឱ្យមានសីតុណ្ហភាពកើនឡើងខ្ពស់ និងភ្លៀងធ្លាក់ច្រើនជាងមុន ធ្វើឱ្យប្រភពផ្គត់ផ្គង់ស្ពៃបូកគោដែលជាវត្ថុធាតុដើមសំខាន់របស់គីមជី ត្រូវថយចុះច្រើន។ ក្នុងឆ្នាំនេះ តម្លៃស្ពៃបូកគោនៅ កូរ៉េខាងត្បូង បានកើនឡើងទ្វេដងក្នុងរង្វង់មិនដល់ ៣ ខែ ដោយមូលហេតុបណ្ដាលមកពីអតិផរណាក្នុងខែកក្កដាឆ្នាំនេះ បានកើនឡើងខ្ពស់បំផុតក្នុងអំឡុង ២៤ ឆ្នាំចុងក្រោយនេះ។
លោក Ahn Ik-jin នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតគីមជី Cheongone Organic បានឱ្យដឹងថា «យើងតែងតែទិញស្ពៃបូកគោនៅក្នុងខែមិថុនា ដើម្បីរក្សាទុក និងប្រើប្រាស់បណ្ដើរៗ បន្ទាប់ពីតម្លៃកើនឡើង។ ប៉ុន្តែ ឆ្នាំនេះ យើងអស់ទំនិញរលីងហើយ»។
«យើងធ្លាប់ផលិតគីមជី ១៥ តោនជារៀងរាល់ថ្ងៃ។ ប៉ុន្តែ ពេលនេះ តួលេខនេះនៅសល់តែ ១០ តោន ឬទាបជាងនេះ» លោក Ahn Ik-jin បញ្ជាក់ និងបន្ថែមថា ក្រុមហ៊ុនបានដំឡើងតម្លៃគីមជីដល់ ២/៣ ធៀបនឹងតម្លៃមុននោះ ពោលគឺស្មើនឹង ៣.៥ ដុល្លារអាម៉េរិក/គីឡូក្រាម។
វិស័យឧស្សាហកម្មគីមជីរបស់ កូរ៉េខាងត្បូង បានធ្លាក់ចុះក្នុងរយៈពេលយ៉ាងយូរ ខណៈដែលការនាំចូលពី ប្រទេសចិន (តម្លៃស្មើនឹង ១/៣ នៃតម្លៃគីមជីដែលផលិតក្នុងស្រុក) បានកើនឡើងក្នុងរង្វង់ ២ ទសវត្សរ៍កន្លង ដោយកាន់កាប់ចំណែកទីផ្សារគីមជីក្នុង ប្រទេសកូរ៉េខាងត្បូង ប្រមាណ ៤០%។
យោងតាមការស្រាវជ្រាវរបស់ Korea Rating & Data កាលពីឆ្នាំមុន ជិតពាក់កណ្ដាលក្នុងចំណោមអ្នកផលិតគីមជី របស់ កូរ៉េខាងត្បូង បានបិទទ្វារជារៀងរហូត ឬងាកទៅរកអាជីវកម្មផ្សេង។ ក្នុងពេលនេះ ក្រុមអ្នកផលិតគីមជីនៅ កូរ៉េខាងត្បូង កំពុងតែរំពឹងថា គម្រោងថ្មីរបស់រដ្ឋាភិបាល យ៉ាងហោចណាស់ក៏នឹងអាចជួយឱ្យបណ្ដាក្រុមហ៊ុនផលិតគីមជីក្នុងស្រុក មិនបាត់បង់ «មុខនាទី»៕