រ៉ូបូត Cassie បង្កើតបានកំណត់ត្រាពិភពលោក Guinness ស្ដីពីរ៉ូបូតជើងពីរដែលរត់លឿនជាងគេក្នុងរយៈចម្ងាយ ១០០ ម៉ែត្រ ដែលនេះគឺជាស្នាដៃដ៏អស្ចារ្យ។
Cassie គឺជារ៉ូបូតរបស់ Agility Robotics ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារបស់សាកលវិទ្យាល័យ Oregon ត្រូវបានបង្ហាញកាលពីឆ្នាំ ២០១៧។ កាលពីឆ្នាំ ២០២១ Cassie ចំណាយពេលតែជាង ៥៣ នាទីប៉ុណ្ណោះ ក្នុងការរត់ចម្ងាយ ៥ គីឡូម៉ែត្រ។
Cassie ត្រូវបានបង្កើតឡើងជាមួយនឹងបច្ចេកវិទ្យាទំនើបៗជាច្រើន ហើយក្បាលជង្គង់របស់វា ត្រូវបានផលិតឡើងដូចទៅនឹងសត្វអូទ្រីសដើម្បីអាចរក្សាលំនឹងបានល្អ។ Cassie ស្ថិតក្នុងចំណោមរ៉ូបូតជើងពីរដែលចេះរត់ ក្នុងនោះមានដូចជា រ៉ូបូតរាងមនុស្ស Atlas របស់ Boston Dynamics និង Mabel របស់សាកលវិទ្យាល័យ Michigan ជាដើម។
មុននឹងបង្កើតបានកំណត់ត្រាពិភពលោក Guinness រ៉ូបូត Cassie បានជោគជ័យក្នុងការរត់ចម្ងាយ ១០០ ម៉ែត្រ ដោយចំណាយពេល ២៤.៧៣ វិនាទី។ ល្បឿននេះ យឺតជាងឆ្ងាយ បើធៀបនឹងអ្នករត់ប្រណាំងឆ្នើមជាងគេក្នុងពិភពលោក ដែលចំណាយពេលរត់មិនដល់ ១០ វិនាទី។ ក៏ប៉ុន្តែ ក្រុមអ្នកស្រាវជ្រាវយល់ថា លទ្ធផលនេះអាចកែលំអបាននាពេលខាងមុខ៕