ប្រទេសចិន ឈរលំដាប់លេខ ១ នៅក្នុងតារាងចំណាត់ថ្នាក់ស្ដីពីដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៃព្រឹត្តិបត្រពាណិជ្ជកម្មលេខ ០៣ វ៉ុលទី ០២ ខែកញ្ញា ឆ្នាំ ២០២២ ចេញផ្សាយដោយ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ៣០ កញ្ញា ២០២២។
នៅក្នុងព្រឹត្តិបត្រពាណិជ្ជកម្មនេះ ក្រសួងបានឱ្យដឹងថា អាស៊ាន គឺជាខឿនសេដ្ឋកិច្ចធំទី ៥ ក្នុងពិភពលោកក្នុងឆ្នាំ ២០២១ ហើយ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មសំខាន់ជាងគេរបស់ អាស៊ាន ដោយទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៧៣២.៩៦ ពាន់លានដុល្លារអាម៉េរិក ដែលស្មើនឹង ២១.៣៨% ធៀបនឹងទំហំពាណិជ្ជកម្មសរុបរវាង អាស៊ាន និងពិភពលោក។
ឈរលំដាប់ទី ២ គឺ សហរដ្ឋអាម៉េរិក ដោយទំហំពាណិជ្ជកម្មទ្វេភាគីជាមួយ អាស៊ាន ឡើងដល់ ៣៧៣.៧៨ ពាន់លានដុល្លារ ស្មើនឹង ១០.៩០%។ សហភាពអឺរ៉ុប ឈរលំដាប់ទី ៣ (២៨២.០១ ពាន់លានដុល្លារអាម៉េរិក ស្មើនឹង ៨.២៣%), ជប៉ុន (២៣៨.៩០ ពាន់លានដុល្លារ ស្មើនឹង ៦.៩៧%), កូរ៉េខាងត្បូង (១៩១.២៥ ពាន់លានដុល្លារ ស្មើនឹង ៥.៥៨%)។ ទំហំពាណិជ្ជកម្មរវាង អាស៊ាន និងបណ្ដាប្រទេសក្រៅពីប្រទេសទាំងឡាយខាងលើគឺមានប្រមាណជិត ៤៧% ធៀបនឹងទំហំពាណិជ្ជកម្មសរុបរវាង អាស៊ាន និងពិភពលោក។
ក្រៅពីនេះ ព្រឹត្តិបត្រខាងលើក៏បានឱ្យដឹងថា បច្ចុប្បន្ន អាស៊ាន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន ០៦ ដែលត្រូវបានចុះហត្ថលេខារួចរាល់ ជាមួយនឹងបណ្ដាប្រទេស និងដែនដីមួយចំនួន រួមមាន អាស៊ាន-ចិន, អាស៊ាន-ឥណ្ឌា, អាស៊ាន-សាធារណរដ្ឋកូរ៉េ, អាស៊ាន-ជប៉ុន, អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់, អាស៊ាន-ហុងកុង រួមនឹងកិច្ចព្រមព្រៀងមួយចំនួនផ្សេងទៀតដែលកំពុងស្ថិតក្នុងការចរចា ក៏ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយបណ្ដាប្រទេសផងដែរ។