អ្នករចនាម៉ូដជនជាតិអេស្ប៉ាញ បានបង្ហាញគំនិត (concept) ស្ដីពីយន្តហោះល្បឿនមហាលឿន គឺលឿនជាងទ្វេដង ធៀបនឹងកំពូលយន្តហោះ Concorde និងអាចដឹកអ្នកដំណើរបាន ១៧០ នាក់។
ការហោះហើរពី ក្រុងឡុងដ៍ របស់ អង់គ្លេស ទៅកាន់ ញូវយ៉ក របស់ សហរដ្ឋអាម៉េរិក ដោយចំណាយពេលតែ ៨០ នាទី អាចក្លាយជាការពិតនាពេលអនាគត ដោយប្រើប្រាស់ Hyper Sting ដែលជាគំនិតស្ដីពីយន្តហោះល្បឿនមហាលឿន ដំណើរការដោយថាមពលនុយក្លេអែរ នេះបើតាមសារព័ត៌មាន Sun ចេញផ្សាយកាលពីថ្ងៃទី ២៩ កញ្ញា។
Hyper Sting គឺជាគំនិតរបស់អ្នករចនាជនជាតិអេស្ប៉ាញ Oscar Vinals។ លោក Oscar ឱ្យដឹងថា យន្តហោះនេះអាចហោះក្នុងល្បឿនធម្មតាប្រហែល ៤ ពាន់គីឡូម៉ែត្រក្នុង ១ ម៉ោង និងល្បឿនអតិបរមា ៤,២៨៧ គីឡូម៉ែត្រ/ម៉ោង លឿនជាង ៣ ដងធៀបនឹងល្បឿនរបស់សំឡេង និងលឿនជាងទ្វេដងធៀបនឹងកំពូលយន្តហោះ Concorde របស់ អង់គ្លេស និងបារាំង។
Hyper Sting មានរូបរាងធំជាងឆ្ងាយធៀបនឹង Concorde និងអាចដឹកអ្នកដំណើរបាន ១៧០ នាក់។ យន្តហោះក្នុងក្ដីស្រមៃនេះមានបណ្ដោយដងខ្លួនប្រវែង ១០០ ម៉ែត្រ និងស្លាបប្រវែង ៥២ ម៉ែត្រ។ យន្តហោះនេះមានម៉ាស៊ីនប្រតិកម្មនុយក្លេអែរមួយគ្រឿង ជាប្រភពថាមពលសម្រាប់ម៉ាស៊ីនជំនាន់ថ្មីចំនួន ៦ របស់វា។
លោក Oscar Vinals និយាយថា Hyper Sting គឺជាគំនិតថ្មីសម្រាប់យន្តហោះល្បឿនលឿនជាងសំឡេងនាពេលអនាគត។
ជើងហោះហើរពាណិជ្ជកម្មដែលវែងបំផុតក្នុងពិភពលោកនាបច្ចុប្បន្នគឺ ១៥,៣៤៨ គីឡូម៉ែត្រ ពី ញូវយ៉ក ទៅកាន់ សិង្ហបុរី ដោយចំណាយពេលប្រហែល ១៩ ម៉ោង ប៉ុន្តែ Hyper Sting អាចហោះបានចម្ងាយនេះដោយប្រើពេលតែ ៣ ម៉ោង និង ៤០ នាទីប៉ុណ្ណោះ៕