ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ ដូច្នេះ ដើម្បីអ្នកបើកបរគួរតែដឹងច្បាស់អំពី «ទីតាំងឈប់សម្រាក» នៅតាមបណ្ដោយផ្លូវនេះ។
“ទីតាំងសម្រាប់ឈប់សម្រាក និងផ្តល់សេវាកម្ម” នៅតាមបណ្ដោយផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មាន ៤ កន្លែង ក្នុងនោះមាន ២ កន្លែងនៅ ខេត្តកំពង់ស្ពឺ និង ២ កន្លែងនៅ ខេត្តព្រះសីហនុ។
កន្លែងឈប់សម្រាក និងផ្តល់សេវាកម្មទាំងនេះសុទ្ធតែមានចំណតយានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ។
ទីតាំងទាំង ៤ កន្លែងនេះ រួមមាន៖ ទីតាំងកំពង់ស្ពឺ (គ.ម 40), ទីតាំងកំពង់ស្ពឺខាងលិច (គ.ម 63), ទីតាំងកំពង់សិលា ខេត្តព្រះសីហនុ (គ.ម 109) និង ទីតាំងព្រៃនប់ខាងលិច ខេត្តព្រះសីហនុ (គ.ម 156)។
គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង ១៩០ គីឡូម៉ែត្រ ក្នុងនោះវាមានទទឹងតួផ្លូវ ២៤.៥ ម៉ែត្រ និងក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០ សង់ទីម៉ែត្រ។ គន្លងផ្លូវធ្វើចរាចរណ៍ចែកជា ៤ គន្លង (២ គន្លងទៅ ២គន្លងមក)។ ផ្លូវនេះអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់ ១០០ គីឡូម៉ែត្រ/ម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់ ១២០ គីឡូម៉ែត្រ/ម៉ោង។
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានស្ពានតូចចំនួន ៥ កន្លែង, ស្ពានធំ និងស្ពានមធ្យមចំនួន ៨០ កន្លែង។ ផ្លូវនេះក៏មានស្ពានរំលងផ្លូវចំនួន ២០ កន្លែង, ចំណតឈប់សម្រាកចំនួន ៣ កន្លែង, ចំណតរថយន្តចំនួន ១កន្លែង, មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន ៤ កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៩ កន្លែង៕