ក្រុមហ៊ុនបច្ចេកវិទ្យា Hon Hai របស់ តៃវ៉ាន់ បានឱ្យដឹងថា ពួកគេបានបង្កើតក្រុមហ៊ុនបណ្ដាក់ទុនរួមជាមួយ PT Mitra Motor Group (MMG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Indonesia PT Indika Energy ដើម្បីផលិតរថយន្តអគ្គិសនី និងថ្មផ្ទុកថាមពលនៅ ប្រទេសឥណ្ឌូណេស៊ី។
Hon Hai ឬហៅជាលក្ខណៈអន្តរជាតិថា Foxconn បង្ហើបឱ្យដឹងថា កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេគឺ Foxteq Singapore។ ក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាថ្មី គឺ PT Foxconn Indika Motor (FIM) នឹងទទួលបានវិញ្ញាបនបត្រផ្នែកបច្ចេកវិទ្យាផលិតរថយន្តអគ្គិសនីពីក្រុមហ៊ុនមេនៅ តៃវ៉ាន់ (Foxconn)។
មេដឹកនាំផ្នែកយុទ្ធសាស្ត្រទទួលបន្ទុកថ្មផ្ទុកថាមពលរបស់ Foxconn លោក Troy Wu បាននិយាយនៅក្នុងប្រកាសមួយកាលពីពេលថ្មីៗនេះថា «ឥណ្ឌូណេស៊ី ដែលជាខឿនសេដ្ឋកិច្ចធំជាងគេនៅ អាស៊ីអាគ្នេយ៍ បានសន្យាទាក់ទងនឹងគោលដៅមិនបញ្ចេញឧស្ម័នប្រកបដោយមហិច្ឆតា។ ក្រុមហ៊ុនបណ្ដាក់ទុនរួមនេះសង្កត់ធ្ងន់ចំពោះការសន្យារបស់ Foxconn ក្នុងការគាំទ្រដៃគូរបស់យើងនៅ ឥណ្ឌូណេស៊ី សម្រាប់គោលដៅរួមរបស់យើង គឺការស្ថាបនាបណ្ដាញប្រកបដោយស្ថិរភាព»។
រដ្ឋាភិបាលឥណ្ឌូណេស៊ី បានកំណត់គោលដៅដល់ឆ្នាំ ២០៣០ នឹងមានរថយន្តអគ្គិសនីចំនួន ២ លានគ្រឿង និងម៉ូតូអគ្គិសនីចំនួន ១៣ លានគ្រឿងដែលប្រើប្រាស់ក្នុងប្រទេសនេះ។
ប្រធានផ្នែកវិនិយោគរបស់ Indika Energy លោក Purbaja Pantja អះអាងថា «យើងមើលឃើញ សក្ដានុពលធំធេងសម្រាប់ការអភិវឌ្ឍរថយន្តអគ្គិសនីនៅ ឥណ្ឌូណេស៊ី»។ លោកបន្ថែមថា កិច្ចសហការរវាង MMG និង Foxteq Singapore នឹងជួយជំរុញឱ្យ ឥណ្ឌូណេស៊ី ក្លាយជាអ្នកអភិវឌ្ឍបណ្ដាញរថយន្តអគ្គិសនី និងថ្មផ្ទុកថាមពលលំដាប់កំពូលរបស់ពិភពលោក៕