យោងតាម CNN យន្តហោះដឹកអ្នកដំណើរដែលប្រើប្រាស់អគ្គិសនីទាំងស្រុង បានហោះហើរដោយជោគជ័យនៅក្នុងជើងហោះហើររយៈពេល ៨ នាទី ក្នុងរយៈកម្ពស់ប្រហែលជាង ១,០០០ ម៉ែត្រ។
ក្រុមហ៊ុន Eviation របស់ អ៊ីស្រាអែល បានទទួលជោគជ័យក្នុងការបើកបរយន្តហោះដឹកអ្នកដំណើរប្រើប្រាស់ថាមពលអគ្គិសនីទាំងស្រុង Alice កាលពីថ្ងៃទី ២៧ កញ្ញា ដោយហោះឡើងពីព្រលានយន្តហោះអន្តរជាតិក្នុងស្រុក Grant រដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាម៉េរិក។ យន្តហោះដែលមិនបំភាយឧស្ម័ននេះ ហោះហើរក្នុងកម្ពស់ ១,០៦៦ ម៉ែត្រ នៅក្នុងជើងហោះហើរដំបូងដែលអូសបន្លាយពេល ៨ នាទី។
«នេះគឺជាប្រវត្តិសាស្ត្រ» ប្រធានក្រុមហ៊ុន Eviation លោក Gregory Davis ថ្លែងដូច្នេះ និងបន្ថែមថា «យើងមិនធ្លាប់បានឃើញការផ្លាស់ប្ដូរគ្រឿងម៉ាស៊ីនលើយន្តហោះ ចាប់តាំងពីការប្ដូរពីម៉ាស៊ីន piston មកម៉ាស៊ីន turbine»។
ដោយប្រើប្រាស់ថ្មដែលមានបច្ចេកវិទ្យាដូចទៅនឹងថ្មរថយន្តអគ្គិសនី ឬទូរស័ព្ទ និងការបញ្ចូលថាមពលត្រឹមតែ ៣០ នាទី យន្តហោះ Alice ដែលដឹកភ្ញៀវ ៩ នាក់ អាចហោះហើរបានក្នុង ១ ម៉ោង។ យន្តហោះនេះមានល្បឿនឡើងដល់ ៤៦៣ គីឡូម៉ែត្រ/ម៉ោង។ យន្តហោះ Boeing 737 ដំណើរការដោយប្រេងសាំង មានល្បឿន ៩៤០ គីឡូម៉ែត្រ/ម៉ោង។
ក្រុមហ៊ុន Eviation ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៥ ហើយផ្ដើមអភិវឌ្ឍយន្តហោះអគ្គិសនី Alice តាំងពីពេលនោះ។ ក្រុមហ៊ុននេះសង្ឃឹមថា ឆ្នាំ ២០២៥ នឹងទទួលបានវិញ្ញាបនបត្រពី សហរដ្ឋអាម៉េរិក ហើយសាកល្បងហោះហើររយៈពេលពី ១ ទៅ ២ ឆ្នាំ មុនពេលប្រគល់ Alice ដល់ដៃអតិថិជន៕