យោងតាម Korea Times កូរ៉េខាងត្បូង កំពុងរកវិធីជំរុញសកម្មភាពផលិតរថយន្តអគ្គិសនី និងកំណត់គោលដៅបង្កើនការក្ដោបក្ដាប់ទីផ្សារឱ្យបានទ្វេដងធៀបនឹងបច្ចុប្បន្ន របស់បណ្ដាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសនេះនៅក្នុងទីផ្សារអន្តរជាតិ និងយកចំណែកទីផ្សារឱ្យបាន ១២% នៅឆ្នាំ ២០៣០។
យោងតាម ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង រដ្ឋាភិបាលប្រទេសនេះបានសន្យាផ្ដល់ការអនុគ្រោះពន្ធ និងវិធានការគាំទ្រជាច្រើនផ្សេងទៀតដើម្បីទាក់ទាញការវិនិយោគរបស់បណ្ដាក្រុមហ៊ុនផលិតរថយន្ត ឱ្យបានដល់ ៦៦.០៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៦។
ក្រុមអ្នកផលិតរថយន្តរបស់ កូរ៉េខាងត្បូង មានផែនការបង្កើនបរិមាណរថយន្តអគ្គិសនីឱ្យបានដល់ ៣.៣ លានគ្រឿងនៅឆ្នាំ ២០៣០ សម្រាប់ពិភពលោក ច្រើនជាងឆ្ងាយធៀបនឹងប្រហែល ២៥៤,០០០ គ្រឿងកាលពីឆ្នាំកន្លង ដើម្បីក្ដោបក្ដាប់ចំណែកទីផ្សាររថយន្តអគ្គិសនី ១២% នៅទូទាំងសកលលោក។ កាលពីឆ្នាំ ២០២១ ក្រុមហ៊ុនផលិតរថយន្តរបស់ កូរ៉េខាងត្បូង កាន់កាប់ ៥% នៅក្នុងទីផ្សាររថយន្តអគ្គិសនីពិភពលោក។
ដើម្បីសម្រេចបានគោលដៅ ក្រុមអ្នកផលិតរថយន្តក្នុងស្រុករបស់ កូរ៉េខាងត្បូង សន្យាថានឹងធ្វើកិច្ចការសំខាន់ៗជាច្រើន មានដូចជា ការអភិវឌ្ឍបច្ចេកវិទ្យាផ្ដាច់មុខរបស់ពួកគេសម្រាប់រថយន្តអគ្គិសនី ការបណ្ដុះបណ្ដាលធនធានមនុស្សរាប់ម៉ឺននាក់ក្នុងវិស័យរថយន្ត ក៏ដូចជាបង្កើតក្រុមហ៊ុនរាប់រយដែលមានជំនាញក្នុងការអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាសម្រាប់រថយន្តអគ្គិសនី ចាប់ពីពេលនេះដល់ឆ្នាំ ២០៣០។
រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យរថយន្តអគ្គិសនី ក្នុងនោះ បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តសម្រាប់រថយន្តអគ្គិសនីនឹងត្រូវបានវិនិយោគ ស្រាវជ្រាវ អភិវឌ្ឍ និងផលិតចាប់ពីឆ្នាំ ២០២៤ ទន្ទឹមនឹងការជួយគាំទ្រវិស័យនេះ តាមរយៈការអនុគ្រោះពន្ធ ការជំរុញការប្រើប្រាស់រយន្តអគ្គិសនីជាដើម។ល។