ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបានដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ ដោយមិនតម្រូវឱ្យបង់ប្រាក់ក្នុងការធ្វើដំណើររយៈពេលពេញមួយខែ ហើយ អ្នកបើកបរយានយន្តអាចចេញ-ចូលក្នុងផ្លូវល្បឿនលឿននេះបាន តាម “ទីតាំងច្រកចេញ-ចូល” ០៨ កន្លែង។
យោងតាម ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែងសរុបជាង ១៩០ គីឡូម៉ែត្រនេះ មាន «ទីតាំងច្រកចេញ-ចូល” ចំនួន ០៨ កន្លែង។ អ្នកបើកបរយានយន្តដែលមានលក្ខខណ្ឌគ្រប់គ្រាន់ អាចចេញ-ចូលក្នុងផ្លូវល្បឿនលឿននេះបាន តាម ស្ថានីយភ្នំពេញ ផ្លូវកប់ស្រូវ (គ.ម 3), ស្ថានីយកំពង់ស្ពឺខាងកើត (គ.ម 26), ស្ថានីយកំពង់ស្ពឺខាងលិច (គ.ម 43), ស្ថានីយត្រែងត្រយឹង (គ.ម 76), ស្ថានីយកំពង់សិលា (គ.ម 114), ស្ថានីយស្រែអំបិល (គ.ម 135), ស្ថានីយស្ទឹងហាវ (គ.ម 172) និង ស្ថានីយក្រុងព្រះសីហនុ (គ.ម 182)។
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបានដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ ក្រោយពីត្រូវបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ។ ផ្លូវនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ ដោយមានទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពី ប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ ២,០០០ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពី រដ្ឋាភិបាលចិន ប្រមាណ ១៥០ លានដុល្លារ។
គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង ១៩០ គីឡូម៉ែត្រ ក្នុងនោះវាមានទទឹងតួផ្លូវ ២៤.៥ ម៉ែត្រ និងក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០ សង់ទីម៉ែត្រ។ គន្លងផ្លូវធ្វើចរាចរណ៍ចែកជា ៤ គន្លង (២ គន្លងទៅ ២គន្លងមក)។ ផ្លូវនេះអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់ ១០០ គីឡូម៉ែត្រ/ម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់ ១២០ គីឡូម៉ែត្រ/ម៉ោង។
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានស្ពានតូចចំនួន ៥ កន្លែង, ស្ពានធំ និងស្ពានមធ្យមចំនួន ៨០ កន្លែង។ ផ្លូវនេះក៏មានស្ពានរំលងផ្លូវចំនួន ២០ កន្លែង, ចំណតឈប់សម្រាកចំនួន ៣ កន្លែង, ចំណតរថយន្តចំនួន ១កន្លែង, មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន ៤ កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៩ កន្លែង៕