បណ្ដាញបំពង់បង្ហូរឧស្ម័នថ្មីនេះ នឹងតភ្ជាប់តំបន់ភាគពាយព្យប្រទេសចិន ទៅកាន់តំបន់ស្វយ័ត Ningxia Hui នៅភាគកណ្ដាលនៃតំបន់ខាងជើងរបស់ប្រទេសនេះ។
នាថ្ងៃទី ២៨ កញ្ញានេះ ប្រទេសចិន បានសម្ពោធបើកការដ្ឋានសាងសង់បណ្ដាញបំពង់បង្ហូរឧស្ម័នទី ៤ ក្នុងក្របខណ្ឌនៃគម្រោងបណ្ដាញបំពង់បង្ហូរថាមពលខ្នាតយក្ស ដែលបង្ហូរឧស្ម័នធម្មជាតិពីភាគខាងលិច ទៅកាន់ភាគខាងកើតប្រទេសនេះ។
ដោយមានប្រវែងសរុប ៣,៣៤០ គីឡូម៉ែត្រ បណ្ដាញបំពង់បង្ហូរឧស្ម័នថ្មីនេះ ចាប់ផ្ដើមភ្ជាប់ពីស្រុក Wuqia នៃតំបន់ស្វយ័ត Xinjiang នៅភាគពាយព្យប្រទេសចិន ទៅកាន់ទីក្រុង Zhongwei ក្នុងតំបន់ស្វយ័ត Ningxia Hui នៅភាគកណ្ដាលនៃតំបន់ខាងជើងរបស់ ប្រទេសចិន។
ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបណ្ដាញបំពង់បង្ហូរប្រេង និងឧស្ម័នចិន (China Oil & Gas Piping Network Corporation) លោក Zhang Wei បានឱ្យដឹងថា ក្រោយពីសាងសង់រួចរាល់ បណ្ដាញបំពង់បង្ហូរឧស្ម័ននេះនឹងជួយឱ្យការបង្ហូរឧស្ម័នរបស់គម្រោងបណ្ដាញបំពង់បង្ហូរខ្នាតយក្សនេះ ឡើងដល់ ១០០ ពាន់លានម៉ែត្រគុប/ឆ្នាំ។
លោក Zhang Wei បញ្ជាក់ថា ក្រុមហ៊ុននេះកំពុងជំរុញការស្ថាបនាបណ្ដាញបំពង់បង្ហូរប្រេង និងឧស្ម័ននៅ ប្រទេសចិន ដើម្បីធានាសន្តិសុខថាមពលសម្រាប់ប្រទេសនេះ៕