មហាសេដ្ឋី Gautam Adani យល់ថា ប្រទេសចិន អាចនឹងត្រូវបានគេដាក់ឱ្យឯកាកាន់តែខ្លាំង ក្នុងពេលដែល ឥណ្ឌា ស្ថិតនៅចំពោះមុខក្ដីសង្ឃឹម បើទោះជាមានឧបសគ្គដែលកើតឡើងដោយសារសង្គ្រាម បម្រែបម្រួលអាកាសធាតុ និងអតិផរណា។
ថ្លែងនៅក្នុងសន្និសីទ CEO សកលរបស់ Forbes នៅ សិង្ហបុរី កាលពីថ្ងៃទី ២៧ កញ្ញា លោក Adani ដែលជាកំពូលអ្នកមានម្នាក់ក្នុងចំណោមកំពូលមហាសេដ្ឋី ៣ រូបរបស់ពិភពលោក យល់ថា ការកើនឡើងនៃលទ្ធិជាតិនិយម បណ្ដាវិធានការកាត់បន្ថយហានិភ័យសម្រាប់បណ្ដាញផ្គត់ផ្គង់ និងការមានកំណត់អំពីបច្ចេកវិទ្យានៅ ប្រទេសចិន អាចនឹងប៉ះពាល់ដល់សមត្ថភាពនៃការតភ្ជាប់របស់ប្រទេសនេះជាមួយនឹងបណ្ដាប្រទេស។
ទន្ទឹមនឹងនេះ ហានិភ័យកើនឡើងចំពោះសកម្មភាពឥណទាន និងទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសដែលជាខឿនសេដ្ឋកិច្ចធំលំដាប់ទី ២ ក្នុងពិភពលោកនេះ ក៏កំពុងកើតមានឡើងដូចទៅនឹងបញ្ហាដែល ជប៉ុន បានជួបប្រទះដោយសារបញ្ហាអតិផរណាអូសបន្លាយពេលយូរកាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០។
យោងតាមលោក Adani ឧបសគ្គធំមួយផ្សេងទៀតចំពោះ ចិនដីគោក នោះគឺ គំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» (BRI) ដែលជាមហាគម្រោងបង្ហាញអំពីមហិច្ឆតាសកលរបស់ ទីក្រុងប៉េកាំង ក៏បាន និងកំពុងជួបបញ្ហាជាច្រើន។
បច្ចុប្បន្ន BRI កំពុងប្រឈមនឹងបញ្ហាមួយចំនួន មានដូចជា កង្វះប្រភពហិរញ្ញវត្ថុ ការយឺតយ៉ាវរបស់គម្រោងមួយចំនួនដោយសារកត្តានយោបាយ ការព្រួយបារម្ភអំពីបំណុល និងឥទ្ធិពលរបស់ ចិនដីគោក ជាដើម។ លោក Adani ថ្លែងថា «ខ្ញុំព្យាករថា ប្រទេសចិន ដែលត្រូវបានគេចាត់ទុកថាជាជើងឯកខាងសកលភាវូបនីយកម្ម នឹងកាន់តែមានអារម្មណ៍ថា ត្រូវគេដាក់ឱ្យនៅឯកា»។
បើទោះជាលើកឡើងនូវមតិដោយត្រង់ៗអំពីសេដ្ឋកិច្ចរបស់ មហាអំណាចចិន ដូចខាងលើ ប៉ុន្តែ កំពូលអ្នកមាននៅ ឥណ្ឌា រូបនេះ នៅតែសម្ដែងការជឿជាក់ថា សេដ្ឋកិច្ចសកលនឹងត្រូវបានកែលំអ និងប្រសើរឡើងទៅតាមពេលវេលា៕