ក្លិបបិសាចក្រហម Manchester United បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ជាមួយនឹងខ្សែប្រយុទ្ធ Antoine Griezmann ដើម្បីត្រួសត្រាយផ្លូវឲ្យរូបគេផ្ទេរទៅកាន់កីឡដ្ឋាន Old Trafford។ បើយោងទៅតាមគេហទំព័រ The Sun កិច្ចសន្យារយៈពេល៥ឆ្នាំដែលផ្តល់ចំណូល២៨ម៉ឺនផោន (ស្មើនឹង៣៦ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ ត្រូវបានទទួលយកដោយខ្សែប្រយុទ្ធរបស់ក្លិប Atletico Madrid រូបនេះ។
Man United នឹងត្រូវចំណាយប្រាក់៨៩លានផោន (ស្មើនឹង១១៥លានដុល្លារអាមេរិក) ដើម្បីទិញរំលាយកិច្ចសន្យារបស់ Griezmann ក្នុងក្លិប Atletico ហើយបើកបូកទាំងប្រាក់បៀរវត្សរ៍ និងប្រាក់ឧបត្ថម្ភផ្សេងៗ ក្រុមបិសាចក្រហមមួយនេះអាចនឹងចំណាយប្រាក់ក្នុងការផ្ទេរនេះដល់ទៅ១៧០លានផោន។ ខ្សែប្រយុទ្ធអន្តរជាតិបារាំងវ័យ២៦ឆ្នាំរូបនេះ គឺជាគោលដៅទិញចូលទី១របស់លោក Jose Mourinho សម្រាប់រដូវកាលក្រោយ ខណៈដែលលោកនឹងត្រូវពង្រឹងក្រុមរបស់លោកដើម្បីប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League។
Griezmann ធ្លាប់បានសម្តែងនូវការស្ទាក់ស្ទើរ ដោយសារតែក្រុម Man United កំពុងតែស្ថិតក្នុងការប្រជែងយកកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ ស្របពេលជាមួយគ្នានេះ ក្រុម Atletico ដឹងពីការអភិវឌ្ឍក្រុមរបស់ខ្លួន និងបានចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Alexis Sanchez របស់ក្លិប Arsenal និងខ្សែប្រយុទ្ធ Alexandre Lacazette របស់ក្លិប Lyon ដើម្បីជំនួសកន្លែងរបស់ Griezmann៕
ប្រភពព័ត៌មាន៖ The Sun