នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានស្នើឱ្យ កម្ពុជា គាំទ្រក្រុមហ៊ុនរបស់ ជប៉ុន ក្នុងប្រតិបត្តិការធុរកិច្ចនៅ កម្ពុជា នៅពេលក្រុមហ៊ុន Toyota របស់ ជប៉ុន នឹងបង្កើតរោងចក្រនៅទីនេះនាពេលខាងមុខ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សំណើខាងលើត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅ រាជធានីតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី ២៨ កញ្ញា ២០២២។
ទាក់ទងនឹងគម្រោងបើករោងចក្ររថយន្ត Toyota នៅ កម្ពុជា នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២ ក៏បានសម្រេចអនុម័តសំណើវិនិយោគក្នុងទំហំទឹកប្រាក់ ៣៦.៧ លានដុល្លារអាម៉េរិក របស់ Toyota (Toyota Tsusho Manufacturing) រួចមកហើយ។ Toyota គ្រោងនឹងបង្កើតរោងចក្រដំឡើងរថយន្តនៅ កម្ពុជា ដើម្បីបំពេញតម្រូវការក្នុងទីផ្សារនេះ ក៏ដូចជាការនាំចេញទៅបរទេស។ គម្រោងរបស់ Toyota ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នេះ គ្រោងនឹងផ្ដល់ការងារប្រមាណ ១៥០ កន្លែងដល់ពលរដ្ឋកម្ពុជា។