ក្រោយពីព្រឹត្តិការណ៍ជួយសង្គ្រោះក្មេងចំនួន ១២ នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ប្រកបដោយភាពក្ដុកក្ដួលកាលពី ៤ ឆ្នាំមុន ល្អាងភ្នំ Tham Luang នៅ ប្រទេសថៃ បានក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញមួយ ប៉ុន្តែត្រូវបានបិទទ្វារអស់រយៈពេល ២ ឆ្នាំ ដោយសារកូវីដ-១៩។
កាលពី ៤ ឆ្នាំមុន នៅខាងក្រៅល្អាងភ្នំ Tham Luang គឺជាទិដ្ឋភាពដ៏ច្របូកច្របល់ដោយមានមនុស្សរាប់ពាន់នាក់ ក្នុងនោះមានទាំងក្រុមគ្រូពេទ្យ ក្រុមអ្នកជួយសង្គ្រោះ និងសាច់ញាតិរបស់ជនរងគ្រោះ ក៏ដូចជាអ្នកស្ម័គ្រចិត្តរាប់រយនាក់មកពីជុំវិញពិភពលោក កំពុងតែចូលរួមជួយសង្គ្រោះអ្នកដែលកំពុងជាប់នៅក្នុងល្អាងភ្នំពេញដោយទឹក។
ក្នុងរយៈពេលនៃការស្លាប់រស់ ១៨ ថ្ងៃ ចុងក្រោយ កុមារចំនួន ១២ នាក់ មកពីក្រុមបាល់ទាត់ Wild Boars រួមនឹងគ្រូបង្វឹកម្នាក់ក៏ត្រូវបានជួយសង្គ្រោះដោយជោគជ័យ។ ចាប់តាំងពីពេលនោះមក រឿងរ៉ាវនៃព្រឹត្តិការណ៍នេះបានក្លាយជាចំណុចកណ្ដាលនៃបណ្ដាខ្សែភាពយន្តឯកសារ និងខ្សែភាពយន្តនានារបស់ Hollywood ក៏ដូចជាសៀវភៅរាប់សិបក្បាល។
បច្ចុប្បន្ន ទិដ្ឋភាពខាងក្រៅល្អាងខាងលើគឺជាតំបន់ដែលត្រូវបានសាងសង់ដូចទៅនឹងឧទ្យានជាតិ អាចទទួលទេសចរមកទស្សនា។ យោងតាម New York Times ផ្លូវនានាដែលភ្ជាប់ទៅកាន់តំបន់ល្អាងនេះត្រូវបានជួសជុលឡើងវិញ ខណៈដែលសណ្ឋាគារ ភោជនីយដ្ឋាន និងហាងកាហ្វេថ្មី នៅជុំវិញតំបន់នេះ បានលេចឡើងជាបន្តបន្ទាប់។
ដើម្បីលើកតម្កើងលោក Saman Gunan អ្នកមុជទឹកស្ម័គ្រចិត្ត និងជាអតីតទាហានពិសេសរបស់ទ័ពជើងទឹកថៃ ដែលបានបាត់បង់ជីវិតក្នុងពេលជួយសង្គ្រោះក្នុងករណីខាងលើ អាជ្ញាធរថៃ ក៏បានសង់រូបសំណាករបស់គាត់នៅឯការិយាល័យកណ្ដាលរបស់ឧទ្យាជាតិ Tham Luang Khun Nam Nang Non។ ឧទ្យាន Tham Luang ក៏ត្រូវបានដាក់នៅក្នុងផែនទីទេសចរណ៍ពិភពលោក ដោយសារតែក្រុមបាល់ទាត់ Wild Boars ដែលបានជាប់ក្នុងល្អាងនោះ។
ក្រោយពីបេសកកម្មជួយសង្គ្រោះបានបញ្ចប់ដោយជោគជ័យ អ្នកទេសចរណ៍ជាច្រើនចាប់ផ្ដើមនាំគ្នាមកកាន់តំបន់នេះ ហើយពេលខ្លះមានមនុស្សច្រើនដល់ថ្នាក់កកស្ទះចរាចរណ៍ទៀតផង។ ក៏ប៉ុន្តែ នៅពេលកូវីដ-១៩ មកដល់ តំបន់នេះក៏ប្រែជាស្ងប់ស្ងាត់ ធ្វើឱ្យអ្នកស្រុកមានការខកចិត្ត។
យ៉ាងនេះក្ដី ដោយសារតែវិបត្តិកូវីដ-១៩ បានធូរស្រាលឡើងវិញ រួមនឹងវត្តមានរបស់ខ្សែភាពយន្តល្បីៗ (Thirteen Lives របស់ Amazon Prime និង Thai Cave Rescue របស់ Netflix) ស្ដីពីការសង្គ្រោះជីវិតមនុស្សនៅក្នុងល្អាង Tham Luang អ្នកស្រុកក្នុងតំបន់នេះសង្ឃឹមថា តំបន់នេះនឹងក្លាយជាទីទាក់ទាញភ្ញៀវមកទស្សនាជាថ្មីនៅពេលរដូវភ្លៀងបានបញ្ចប់ និងនៅពេលល្អាងនេះបើកទ្វារឡើងវិញនៅខែតុលាខាងមុខ៕