ក្រុមហ៊ុន NIO កំពុងតែជំរុញសកម្មភាពពាណិជ្ជកម្មក្នុងវិស័យជួលថ្មផ្ទុកថាមពលរបស់ខ្លួនដោយការពង្រីកស្ថានីយប្ដូរថ្មនៅពាសពេញទ្វីបអឺរ៉ុប។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ ចិន NIO បានកំណត់គោលដៅសំខាន់របស់ខ្លួននៅ អឺរ៉ុប ក្នុងការដំឡើងស្ថានីយប្ដូរថ្មផ្ទុកថាមពល។ ប្រធានក្រុមហ៊ុននេះ ថ្មីៗនេះបានឱ្យដឹងថា NIO មានគម្រោងផ្ដល់សេវាឱ្យជួលថ្មផ្ទុកថាមពល និងពង្រីកទំហំរបស់ស្ថានីយប្ដូរថ្មដែលមានស្រាប់ ដើម្បីទាក់ទាញអតិថិជន ក្នុងបំណងដណ្ដើមចំណែកទីផ្សាររថយន្តអគ្គិសនីដែលកំពុងរីកចម្រើននៅបរទេស។
NIO គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ ចិន ដែលជំនាញក្នុងការផលិតរថយន្តអគ្គិសនីលំដាប់គុណភាពខ្ពស់ បច្ចុប្បន្នកំពុងពង្រីកទីផ្សារក្នុងតំបន់អឺរ៉ុប។ ក្រៅពីការផ្គត់ផ្គង់រថយន្ត SUV និង សេដានដែលដំណើរការដោយថាមពលអគ្គិសនី ក្រុមហ៊ុន NIO ក៏នៅតែជាអ្នកនាំមុខគេនៅក្នុងវិស័យបច្ចេកវិទ្យាប្ដូរថ្មផ្ទុកថាមពលដើម្បីគាំទ្រដល់រថយន្តអគ្គិសនីរបស់ខ្លួន។
នៅ ប្រទេសចិន NIO មានស្ថានីយបញ្ចូលថាមពលអគ្គិសនីជាង ១,០០០ កន្លែង និងចាប់ផ្ដើមដាក់ពង្រាយនៅក្នុងទីផ្សារថ្មីៗបន្ថែមទៀត។
នៅ អឺរ៉ុប NIO បានលក់ និងចែកចាយរថយន្តអគ្គិសនីនៅ ប្រទេសន័រវែស និងពង្រីកទៅកាន់ ប្រទេសអាល្លឺម៉ង់ នៅក្នុងឆ្នាំនេះ។
យោងតាម Reuters ក្រុមហ៊ុន NIO សង្ឃឹមថា នឹងដណ្ដើមបានចំណែកទីផ្សាររថយន្តអគ្គិសនីធំជាងគេនៅ អឺរ៉ុប ដោយការផ្ដល់ឱ្យអ្នកប្រើប្រាស់នូវតម្លៃទាបជាងគេ តាមរយៈកម្មវិធីដាក់ឱ្យជួលថ្មផ្ទុកថាមពលដែលគាំទ្រដោយបណ្ដាញស្ថានីយប្ដូរថ្មសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន។
នៅខាងក្រៅប្រទេសចិន NIO មានគម្រោងដំឡើងស្ថានីយប្ដូរថ្មផ្ទុកថាមពលសម្រាប់រថយន្តអគ្គិសនីឱ្យបាន ១,០០០ កន្លែងនៅត្រឹមឆ្នាំ ២០២៥ ក្នុងនោះ ភាគច្រើនគឺនៅ ទ្វីបអឺរ៉ុប៕